ក្រុម ជើងឯកអង់គ្លេស Chelsea បានយកឈ្នះលើក្រុមជើងឯកអឺរ៉ុប FC Barcelona ដោយបាល់ប៉េណាល់ទី ៤-២ អម្បាញ់មិញនេះ បន្ទាប់ពីបញ្ចប់លទ្ធផលនៅម៉ោងធម្មតាស្មើគ្នា ២-២ ក្នុងការប្រកួតពានរង្វាន់មិត្តភាព International Champions Cup។
ខ្សែបម្រើឆ្នើម Eden Hazard បានអូសស៊ុតយ៉ាងស្អាត ជួយឲ្យតោខៀវនាំមុខមុន តាំងពីនាទីទី១០។ ចូលដល់តង់ទី២នាទី៥២ ខ្សែប្រយុទ្ធ Luis Suarez បានស៊ុតឆ្កឹះជួយឲ្យ Barca តាមស្មើ ១-១ មុនពេលខ្សែប្រយុទ្ធវ័យក្មេង Sandro Ramírez ស៊ុតគ្រាប់ទី២ ឲ្យអ្នកមានបុណ្យនាំមុខវិញ ប៉ុន្តែនៅចុងម៉ោងទៅហើយនាទី៨៦ ខ្សែការពារ Gary Cahill បានរកគ្រាប់តាមស្មើ ២-២ ឲ្យ Chelsea បន្តសង្ឃឹម។
ក្រោយបញ្ចប់លទ្ធផល ២-២ នៅម៉ោងធម្មតា ក្រុមខ្លាំងអឺរ៉ុបទាំង២នេះ ក៏បានសម្រេចចាញ់ឈ្នះ ដោយបាល់ប៉េណាល់ទីកាត់សេចក្ដី ស្របពេលដែលលទ្ធផលគឺ Chelsea បានផ្តល់មេរៀនដល់ Barca ឲ្យស្គាល់បរាជ័យលើកទី២ ក្រោមថ្វីជើងក្រុមអង់គ្លេស បន្ទាប់ពីពួកគេចាញ់ Manchester United ៣-១ នៅប្រកួតមុនដែរ។
តោខៀវ ស៊ុតប៉េណាល់ទី៤គ្រាប់ ចូលទាំង៤ រីឯ Barca ស៊ុតចូលតែ២គ្រាប់ប៉ុណ្ណោះ ខណៈដែលកីឡាករវ័យក្មេង Alen Halilović ជម្រើសជាតិក្រូអាត និង Gerard Piqué ជាអ្នកស៊ុតអត់ចូល៕