ចំណាត់ ថ្នាក់លេខ១លើតារាងចំណូលភាពយន្ត Box Office នៅអាមេរិកសប្ដាហ៍នេះ នៅតែជាភាពយន្ត “Jurassic World” ដដែល។ រយៈពេល៣ថ្ងៃនៃចុងសប្ដាហ៍កន្លងទៅ ខ្សែភាពយន្តដាយណូស័រដែលសម្ដែងដោយ Chris Pratt និង Bryce Dallas Howard អាចរកចំណូលបាន ៣០,៩លានដុល្លារ សម្រាប់ការបញ្ចាំងនៅសហរដ្ឋអាមេរិក និងកាណាដា។ ក្រោយចេញបញ្ចាំងបាន៤សប្ដាហ៍ ភាពយន្តនេះមិនទាន់ធ្លាក់ពីចំណាត់ថ្នាក់លេខមួយម្ដងណាឡើយ ហើយបើគិតពីចំណូលសរុបជុំវិញពិភពលោក គឺឈានដល់ ១,៣៨ពាន់លានដុល្លារហើយពេលនេះ។
ដោយឡែកខ្សែភាពយន្ត “Inside Out” ពីក្រុមហ៊ុន Pixar និង Disney ដែលជាប់ចំណាត់ថ្នាក់លេខពីរ ក៏អាចរកចំណូលបានប្រហាក់ប្រហែលនឹង “Jurassic World” ដែរក្នុងរយៈពេល ៣ថ្ងៃកន្លងទៅនេះ គឺ ចំនួន ៣០,១លានដុល្លារ។ ៣សប្ដាហ៍មកនេះ “Inside Out” អាចរកចំណូលបានសរុប ៣៦៣លានដុល្លារ ដែលក្នុងនោះ ២៤៦លានដុល្លារ បានមកពីការបញ្ចាំងនៅអាមេរិក។
ងាកមកចំណាត់ថ្នាក់លេខ៣ គឺខ្សែភាពយន្តថ្មី “Terminator: Genisys” ដែលជាវគ្គទី៥នៃស៊េរីភាពយន្ត “Terminator” របស់តារាសម្ដែងជើងចាស់ Arnold Schwarzenegger។ សម្រាប់៥ថ្ងៃដំបូងនេះ ខ្សែភាពយន្តបាញ់ប្រហារបែបវិទ្យាសាស្ត្រមួយនេះ អាចរកចំណូលបាន៤៤,១លានដុល្លារនៅសហរដ្ឋអាមេរិក ខណៈដើមទុនផលិតគឺចំនួន ១៥៥លានដុល្លារ។
ចំណាត់ថ្នាក់លេខ៤ក៏ជាខ្សែភាពយន្តថ្មីដែរ គឺរឿងក្រុមបុរសរាំស្រាត “Magic Mike XXL” ដែលអាចរកបាន ១១,៦លានដុល្លារអំឡុងពេលចុងសប្ដាហ៍កន្លងទៅ។
ខាងក្រោមនេះគឺជាចំណាត់ថ្នាក់កំពូលទាំង ១០លើតារាងចំណូលភាពយន្ត Box Office នៅអាមេរិកសប្ដាហ៍នេះ (ចំណូលចុងសប្ដាហ៍គិតចាប់ពីថ្ងៃទី៣-៥ខែកក្កដា)៖
ល.រ | ចំណងជើងភាពយន្ត | ចំណូលចុងសប្ដាហ៍ | ចំណូលសរុប | សប្ដាហ៍ទី |
១ | Jurassic World | ៣០,៩លានដុល្លារ | ៥៥៨លានដុល្លារ | ៤ |
២ | Inside Out | ៣០,១លានដុល្លារ | ២៤៦លានដុល្លារ | ៣ |
៣ | Terminator: Genisys | ២៨,៧លានដុល្លារ | ៤៤,១លានដុល្លារ | ១ |
៤ | Magic Mike XXL | ១១,៦លានដុល្លារ | ២៦,៦លានដុល្លារ | ១ |
៥ | Ted 2 | ១១លានដុល្លារ | ៥៨,៣លានដុល្លារ | ២ |
៦ | Max (2015) | ៦,៦លានដុល្លារ | ២៥,៣លានដុល្លារ | ២ |
៧ | Spy | ៥,៥លានដុល្លារ | ៩៧,៨លានដុល្លារ | ៥ |
៨ | San Andreas | ៣លានដុល្លារ | ១៤៧,៣លានដុល្លារ | ៦ |
៩ | Me and Earl and the Dying Girl | ១,៣លានដុល្លារ | ៤លានដុល្លារ | ៤ |
១០ | Dope | ១លានដុល្លារ | ១៤,១លានដុល្លារ | ៣ |