តារា ឆ្នើម Neymar របស់ក្រុម FC Barcelona បានលើកឡើងថា ខ្លួនមិនចង់ក្លាយជាកីឡាករ ដែលអស្ចារ្យជាងមិត្តរួមក្រុម Lionel Messi ឡើយ។
ប្រធានក្រុមជម្រើសជាតិប្រេស៊ីល (Neymar) ត្រូវបានគេរំពឹងថា នឹងក្លាយជាបេក្ខភាពឈ្នះពានរង្វាន់ Ballon d’Or នៅឆ្នាំក្រោយ ឬប៉ុន្មានឆ្នាំខាងមុខដ៏ខ្លីនេះ ដោយអាចនឹងឈ្នះលើ Cristiano Ronaldo របស់ Real Madrid និង Messi ផងដែរ។
យ៉ាងណាក្ដី ក្នុងបទសម្ភាសន៍ជាមួយ Globo’s SporTV នៅស្រុកកំណើតខ្លួន កាលពីចុងសប្ដាហ៍ អតីតតារាក្រុម Santos បានលើកឡើងថា ខ្លួនមិនចង់អស្ចារ្យជាង Messi ឡើយ ដោយគ្រាន់តែចង់ធ្វើអ្វីធម្មតាៗ សម្រាប់ខ្លួនឯងប៉ុណ្ណោះ។
កីឡាករវ័យ២៣ឆ្នាំ បាននិយាយថា៖ “ខ្ញុំមិនចង់អស្ចារ្យជាង Messi ទេ។ ខ្ញុំគ្រាន់តែចង់ដើរតាមផ្លូវរបស់ខ្លួនឯង និងធ្វើអ្វីៗ ដែលខ្ញុំកំពុងតែធ្វើ ការឈ្នះពានរង្វាន់ និងទទួលបានជោគជ័យដល់គោលដៅ។ ខ្ញុំមិនចង់អស្ចារ្យជាងនរណាម្នាក់ទេ ខ្ញុំក៏មិនចង់ល្អជាងនរណាម្នាក់ដែរ។ ខ្ញុំគ្រាន់តែចង់ធ្វើអ្វី ដែលល្អបំផុត ដែលខ្ញុំអាចធ្វើបាន”។
Neymar និង Messi ពុំទាន់ត្រឡប់មកជួយក្រុម Barca នៅឡើយទេ ដោយអ្នកទាំង២កំពុងតែជាប់វិស្សមកាលដូចគ្នា។ មិត្តរួមក្រុមក្នុងក្លិបតែមួយទាំង២នាក់នេះ នឹងត្រូវប្រកួតតទល់គ្នា ពេលដែលពួកគេពាក់ស្លាកដៃប្រធានក្រុមជម្រើសជាតិរៀងៗខ្លួន ប្រកួតជម្រុះ World Cup 2018 នៅតំបន់អាមេរិកខាងត្បូង ដែលនឹងត្រូវចាប់ផ្ដើមនៅខែតុលា នាពេលខាងមុខ៕