ចិន កំពុងតែដំណើរការសាងសង់ឧបករណ៍ស្រូបសំឡេង (Radio Telescope) ដ៏ធំបំផុតក្នុងពិភពលោក ដើម្បីតាមដាន និងរកមើលសញ្ញាវិទ្យុក្នុងចក្រវាលទាំងមូល។
គម្រោងសាងសង់នោះមានឈ្មោះថា Five hundred metre Aperture Spherical Telescope (FAST) ដែលមានទីតាំងនៅក្នុងខេត្ត Guizhou ប៉ែកនិរតីប្រទេសចិន។ គម្រោងនេះបានចាប់ផ្ដើមចាប់តាំងពីខែ មីនា ឆ្នាំ ២០១១ មកម្ល៉េះ ហើយវាត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់នៅខែកញ្ញាឆ្នាំ ២០១៦ ខាងមុខនេះ។ ក្នុងគម្រោងសាងសង់នេះនឹងចំណាយថវិកាប្រមាណជា ១,២ ពាន់លានដុល្លារអាមេរិក។
បន្ថែមទៀតនោះ ក្នុងការសាងសង់នោះគឺមានការចូលរួមពីអ្នកវិទ្យាសាស្ត្រច្រើន ផ្នែក រួមមានអ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យា, អ្នកវិទ្យាសាស្ត្រផ្នែកភូគព្ភវិទូ និង អ្នកវិទ្យាសាស្ត្រផ្នែកតារាវិទូ។
អ្នកវិទ្យាសាស្ត្របាននិយាយថា Radio Telescope ដ៏ធំនេះនឹងអាចរកឃើញ ចាប់បានរលកសញ្ញាវិទ្យុខ្សោយដែលមានចម្ងាយឆ្ងាយ និងអាចឲ្យអ្នកវិទ្យាសាស្ត្រទទួលរលកសញ្ញាវិទ្យុទាំងនោះពីលំហ អាកាសខាងក្រៅ ហើយថែមទាំងអាចចាប់បានរហូតដល់ផ្នែកខាងក្រៅនៃប្រព័ន្ធព្រះ អាទិត្យថែមទៀតផង។
ក្នុងការសាងសង់នេះគឺត្រូវបានបំពាក់ដោយបន្ទះកញ្ចក់ថ្លា ចំនួន ៤ ៤៥០ បន្ទះ។ ចំណែកឯទំហំសរុបរបស់វាគឺស្មើទៅនឹងទីលានបាល់ទាត់ប្រហែលជា ៣០ ទីលាន។
ការសាងសង់នោះទៀតសោតគឺត្រូវបានភ្ជាប់ខ្សែទៅគ្រប់បន្ទះកញ្ចក់ ថ្លាទាំងអស់ ដើម្បីធានាថាវាអាចចាប់យកសញ្ញាវិទ្យុបានគ្រប់ជ្រុង។ អ្នកវិទ្យាសាស្ត្របានឲ្យដឹងទៀតថា បញ្ហាប្រឈមធំបំផុតសម្រាប់គម្រោងនេះគឺត្រូវមានការគណនាយ៉ាង លឿន និងការភ្ជាប់ទិន្នន័យដែលទទួលបានទៅកាន់កុំព្យូទ័ររាប់ពាន់ ដើម្បីប្ដូរទិសដៅ Radio Telescope ដ៏ធំមហិមានេះ។ មិនត្រឹមតែប៉ុណ្ណោះ គម្រោង FAST របស់ចិននេះនឹងអាចតាមដានលំហអាកាសខាងក្រៅបានល្អជាង Radio Telescope របស់ក្រុមអង្កេតការណ៍តារាសាស្ត្រ Arecibo ដល់ទៅដប់ដង៕