Arsene Wenger អ្នកចាត់ការក្រុម Arsenal បាននិយាយថាសមត្ថភាពរបស់ខ្សែបម្រើប្រយុទ្ធ Eden Hazard នៅមានកម្រិត មិនទាន់អាចឈានដល់ចំណុចកំពូលដូច Lionel Messi និង Cristiano Ronaldo ឡើយ។
កាលពីម្សិលមិញលោក Jose Mourinho បាននិយាយថាកាលរដូវកាលកន្លងផុតទៅនេះ កីឡាករ Hazard មានទម្រង់លេងល្អជាង Ronaldo ដោយនៅក្រោមតែ Messi ម្នាក់គត់ ប៉ុន្តែលោក Wenger មិនគិតដូចអ្នកចាត់ការក្រុម Chelsea ទេ។
បុរសវ័យ៦៥ឆ្នាំខាងលើបាននិយាយថា៖ “វាជាមតិយោបល់ទាំងអស់។ ខ្ញុំអាចនិយាយបានថាកីឡាករដូច Messi និង Ronaldo ដែលរកបានច្រើនជាង៥០គ្រាប់ក្នុងមួយរដូវកាលគឺនៅតែជារឿង អស្ចារ្យ។ Hazard ជាកីឡាករអាចសម្រេចការប្រកួតបាន ហើយបើអ្នកដាក់កីឡាករដែលមានសមត្ថភាពអីចឹងចូលក្នុង Top Player នោះកីឡាកររូបនេះត្រូវតែមានអ្វីពិសេសថែមទៀត។ គាត់កំពុងតែឆ្ពោះទៅរកចំណុចនោះហើយ តែគាត់ត្រូវមានរឿងច្រើនទៀតត្រូវធ្វើ”។
ខ្សែបម្រើប្រយុទ្ធក្រុមជម្រើសជាតិបែលហ្សិក (Hazard) បានបង្ហាញទម្រង់លេងល្អខ្លាំងកាលពីរដូវកាលមុន ដោយអាចជួយតោខៀវលើកពាន English Premier League បានដោយសល់ការប្រកួតក្នុងដៃ។ លើសពីនេះទៅទៀត កីឡាករវ័យ២៤ឆ្នាំរូបនេះក៏ជាប់ឈ្មោះជាកីឡាករល្អជាងគេនៅលីក កំពូលអង់គ្លេសប្រចាំរដូវកាល ២០១៤-១៥ ដែរ៕