David Beckham អតីតមិត្តរួមក្រុមរបស់ Iker Casillas មានអារម្មណ៍ពិបាកចិត្តខ្លាំងពេលដឹងដំណឹងថាអ្នកចាំទីរូបនេះ ចាកចេញពី Real Madrid ទៅកាន់ Porto ។
Beckham ដែលធ្លាប់លេងនៅអធិរាជស៤ឆ្នាំ បានបង្ហោះសារពិបាកចិត្តបន្ទាប់ពីដឹងថាក្លិប Real Madrid ប្រកាសជាផ្លូវការលក់កីឡាករ Casillas ទៅឱ្យក្លិប Porto របស់ព័រទុយហ្គាល់ដោយចុះកុងត្រារយៈពេល២ឆ្នាំ។
អតីតកីឡាករ Real រូបនេះបានសរសេរថា ៖ “តើអ្វីដែលអាចនិយាយចំពោះបុរសម្នាក់នេះ? ខ្ញុំពិបាកចិត្តណាស់ ដែលឃើញ Iker ចាកចេញពីក្លិបដែលគាត់រស់នៅតាំងពីតូច និងជាក្លិបដែលផ្ដល់អ្វីគ្រប់យ៉ាងឱ្យគាត់អស់ពេលជាច្រើនឆ្នាំ។ គាត់ជាមិត្ត ជាមនុស្សអស្ចារ្យ និងជាអ្នកចាំទីល្អម្នាក់ក្នុងប្រវត្តិសាស្ត្រ។ វីរបុរសពិតរបស់ Real Madrid ”។
អ្នកចាំទីជម្រើសជាតិអេស្ប៉ាញខាងលើនេះ បានចូលហាត់ក្នុងឈុតយុវជនរបស់ Real នៅឆ្នាំ១៩៩០ និងចូលឈុតធំនៅ ១៩៩៩។ រយៈពេល២៥កន្លងមកនេះ Casillas បានបង្ហាញខ្លួនឱ្យអធិរាជសបាន៧២៥ប្រកួត និងជួយក្លិបលើកពាន១៨ពានរង្វាន់៕