ក្លិប ជើងឯកអាល្លឺម៉ង់ Bayern Munich បានទិញយកខ្សែបម្រើ Arturo Vidal ពីក្រុមជើងឯកអ៊ីតាលី Juventus ផ្លូវការហើយ ដោយកីឡាករជម្រើសជាតិឈីលីរូបនេះ បានចុះកុងត្រា៤ឆ្នាំ រហូតដល់ឆ្នាំ២០១៩ នៅកីឡដ្ឋាន Allianz Arena កាលពីម្សិលមិញ។
កីឡាករវ័យ២៨ឆ្នាំ ដែលទើបតែជួយឲ្យឈីលីលើកពាន Copa America កាលពីពេលថ្មីៗកន្លងទៅនេះ ទៅចូលរួមជាមួយក្រុមយក្សអាល្លឺម៉ង់ ដើម្បីជំនួសតំណែង Bastian Schweinsteiger ដែលបានចាកចេញទៅបិសាចក្រហម Manchester United កាលពីដើមខែកក្កដានេះ។
Vidal បានប្រាប់ដល់វិបសាយរបស់ក្លិបថា ខ្លួនមក Bayern គឺដើម្បីជួយក្រុមឲ្យឈ្នះពាន និងចង់លើកពានធំ UEFA Champions League ថែមទៀត ដោយនិយាយថា៖ “ខ្ញុំរីករាយខ្លាំងណាស់! នេះជាជំហានថ្មីសម្រាប់ខ្ញុំ ហើយខ្ញុំសង្ឃឹមថា ខ្ញុំនឹងធ្វើបានល្អនៅទីនេះ។ ខ្ញុំចង់ជួយក្រុមឲ្យឈ្នះពានរង្វាន់។ ខ្ញុំចង់អភិវឌ្ឍន៍ខ្លួនមួយកម្រិតទៀត ដោយចង់លើកពានដ៏សំខាន់ UEFA Champions League។ ខ្ញុំគិតថា ឱកាសដែលធ្វើបានដូចនេះ គឺត្រូវតែជាមួយក្លិប Bayern។ វាជាសុបិន ក្លាយជាការពិតមួយ សម្រាប់រូបខ្ញុំ”។
Vidal បានផ្ទេរពី Bayer Leverkusen ទៅកាន់ក្រុមជើងឯក Serie A (Juventus) កាលឆ្នាំ២០១១ ដោយចូលលេង៤រដូវកាល សរុបបាន១៧១ប្រកួត និងស៊ុតបាន៤៨គ្រាប់៕