Diego Godin បានប្រាប់ពីគំនិតផ្ទាល់ខ្លួនរបស់គេចំពោះរឿង Lionel Messi លេងល្អខ្លាំងនៅ Barcelona តែមិនអាចជួួយក្រុមអាហ្សង់ទីនលើកពានបាន ថាមកពីប្រព័ន្ធការពារនៅអេស្ប៉ាញខុសពីប្រព័ន្ធការពាររបស់ក្រុម ជម្រើសជាតិនៅតំបន់អាមេរិកខាងត្បូង។
Messi និង Godin
Messi មានទម្រង់លេងល្អនិងរកគ្រាប់បាល់បានច្រើនណាស់នៅក្របខ័ណ្ឌ La Liga ប៉ុន្តែបើងាកទៅមើលនៅជម្រើសជាតិអាហ្សង់ទីនវិញ ខ្សែប្រយុទ្ធវ័យ២៨ឆ្នាំរូបនេះហាក់ដូចជាមិនសូវរកគ្រាប់បាល់ ជួយក្រុមបានច្រើនទេ។ ចំពោះរឿងនេះ ខ្សែការពារ Godin ដែលលេងនៅក្រុម Atletico Madrid បានចេញមកបង្ហាញគំនិតរបស់ខ្លួនថា មកពីប្រព័ន្ធការពាររបស់ក្រុមនៅអេស្ប៉ាញមិនដូចក្រុមជម្រើសជាតិ នៅអាមេរិកខាងត្បូង។
កីឡាករសញ្ជាតិអ៊ុយរុយហ្គាយខាងលើបានបកស្រាយបន្ថែមក្នុងន័យ បែបកំប្លែងលេងទៀតថា ខ្សែការពារនៅអេស្ប៉ាញភាគច្រើនចូលចិត្ត Messi ណាស់។ រាល់ប្រកួតម្ដងៗ ពួកគេមិនសូវជាហ៊ានទៅបិទខ្សែប្រយុទ្ធរូបនេះខ្លាំងទេ ហើយបើទៅជិតវិញម្នាក់ៗដូចជាចង់ទៅថត Selfie ជាមួយច្រើនជាងទៅដណ្ដើមបាល់។ ខុសប្លែកពីនៅតំបន់អាមេរិកខាងត្បូង ដែលខ្សែការពារម្នាក់ៗមានភារកិច្ចសំខាន់ដើម្បីជាតិ មិនមែនគ្រាន់តែបានទៅជិតម្ចាស់ពាន Ballon d’Or ៤សម័យនោះទេ។
Messi ជាកីឡាករដែលលេងជាមួយ Barcelona តាំងពីតូច ហើយបច្ចុប្បន្នក៏ជា Top Scorer ម្នាក់ដែរនៅក្របខ័ណ្ឌ La Liga របស់អេស្ប៉ាញដែរ។ ចំពោះជម្រើសជាតិអាហ្សង់ទីនវិញ បុរសស្មោះស្នេហ៍ជាឪពុករបស់កុមារា Tiago រូបនេះ មិនទាន់បានជួយប្រទេសលើកពានរង្វាន់ធំអ្វីមួយនោះទេ ដោយបានត្រឹមតែលេខ២ប៉ុណ្ណោះនៅព្រឹត្តិការណ៍ World Cup និង Copa America។