Angel Di Maria សោកស្ដាយចំពោះការសម្រេចចិត្តចាកចេញពី Real Madrid ហើយក៏បានស្នើរឲ្យអធិរាជសឱ្យទិញរូបគេត្រលប់ទៅវិញ។ នេះបើតាមកាសែត ABC របស់អេស្ប៉ាញបានចុះផ្សាយ។
Di Maria កាលលេងនៅ Real Madrid
កាសែត ABC បានចុះផ្សាយកាលពីយប់មិញនេះថា Di Maria ចាកចេញពី Real Madrid ដោយសារតែលក្ខខ័ណ្ឌផ្ទាល់ខ្លួនមួយគឺប្រាក់បៀវត្សរ៍។ ខ្សែបម្រើរូបនេះទាមទារប្រាក់ប្រចាំឆ្នាំនៅ Real Madrid ចំនួន៥,៣លានអឺរ៉ូក្នុងមួយឆ្នាំ ប៉ុន្តែខាងលោក Florentino Perez បានច្រានចោលសំណើនេះដោយឱ្យកីឡាកររូបនេះ ៤,៥លានអឺរ៉ូដដែល ទើបបន្តកុងត្រាឱ្យ។ ដូច្នេះហើយ ទើបខ្សែបម្រើស្លាបសញ្ជាតិអាហ្សង់ទីន សម្រេចចិត្តចាកចេញពីអេស្ប៉ាញទៅអង់គ្លេស។
ទន្ទឹមនឹងហេតុផលនៃការចាកចេញខាងលើនេះ ប្រភពដដែលបានបន្តទៀតថាពេលនេះ Di Maria កំពុងតែសោកស្ដាយចំពោះការសម្រេចចិត្តរបស់ខ្លួន ដោយចង់ស្នើសុំឱ្យ Real ទិញត្រលប់ទៅវិញទៀតផង។ ទោះជាយ៉ាងនេះក្ដី ខាងលោក Perez មិនមានចំណាប់អារម្មណ៍ចំពោះការវិលត្រលប់វិញនោះទេ។
កីឡាករវ័យ២៧ឆ្នាំ បានចាកចេញពី Real Madrid ទៅ Manchester United ក្នុងតម្លៃខ្លួន៥៩,៧លានផោនកាលពីរដូវកាលមុន ប៉ុន្តែ១ឆ្នាំមកនេះ រូបគេមិនសូវជាជោគជ័យប៉ុន្មាននោះទេនៅ Old Trafford ខណៈពេលនេះ មានដំណឹងលេចឮថាមកក្លិប Paris Saint-Germain កំពុងតែដាក់តម្លៃខ្លួនទិញយកទៅបារាំង៕