ខ្សែ ប្រយុទ្ធសញ្ជាតិហុល្លង់ Robin van Persie នឹងធ្វើដំណើរទៅទីក្រុង Istanbul នៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញកិច្ចសន្យាផ្ទេរពីក្រុមបិសាចក្រហម Manchester United ទៅបន្តអាជីពជាមួយក្រុម Fenerbachce ក្នុងក្របខណ្ឌកំពូលរបស់ប្រទេសទួរគី Super Lig។ នេះបើតាមការបញ្ជាក់របស់ប្រធានក្លិប Fenerbachce លោក Aziz Yildirim។
លោក Yildirim បានបញ្ជាក់ថា ការចរចាបានបញ្ចប់រួចរាល់នៅថ្ងៃសុក្រ ហើយខ្សែប្រយុទ្ធសញ្ជាតិហុល្លង់ នឹងធ្វើដំណើរដល់ទីក្រុង Istanbul តាមជើងហោះហើរឯកជននៅថ្ងៃអាទិត្យនេះ ដើម្បីបំពេញកិច្ចសន្យាផ្ទេរ។ ទោះយ៉ាងណា តម្លៃខ្លួនកីឡាកររូបនេះមិនទាន់បានបង្ហាញនៅឡើយទេ ខណៈ Fenerbahce ធ្លាប់បញ្ជាក់ថានឹងទិញយកក្នុងតម្លៃប្រហែល ១០លានផោន។
“យើងធ្វើការខ្លាំងណាស់ រហូតដល់យប់ជ្រៅ… យើងបានទទួលសារ ៥ដង ហើយផ្ញើទៅវិញ ៦ដង… ចុងក្រោយ អ្វីៗត្រូវចប់រួចរាល់”។ ការបញ្ជាក់របស់លោក Yildirim ដែលដកស្រង់សម្ដីដោយកាសែតទួរគី។ ប្រធានក្លិបរូបនេះបានបន្តទៀតថា “ការផ្ទេរ Van Persie ចប់សព្វគ្រប់… ហើយកីឡាករថ្មីម្នាក់ទៀត បានចូលរួមជាមួយក្រុមតារានិករ Fenerbahce”។
ខ្សែប្រយុទ្ធជម្រើសជាតិហុល្លង់ Robin van Persie បានផ្ទេរចេញពីក្រុមកាំភ្លើងធំ Arsenal មកលេងឲ្យក្រុមបិសាចក្រហមកាលពីឆ្នាំ២០១២ ក្នុងតម្លៃ ២៤លានផោន។ រដូវកាលដំបូង កីឡាករវ័យ ៣១ឆ្នាំរូបនេះ បានជួយឲ្យក្រុមលើកពានលីកកំពូលអង់គ្លេស ប៉ុន្តែក្រោយមកទម្រង់លេងក៏ធ្លាក់ចុះយ៉ាងខ្លាំង រហូតពេលនេះមិនអាចបន្តវាសនាជាមួយអ្នកចាត់ការ Louis van Gaal បាន។
Robin van Persie ពេលលើកពានលីកកំពូលអង់គ្លេសរដូវកាល ២០១២-២០១៣
ក្រោយពេលបំពេញកិច្ចសន្យាចប់សព្វគ្រប់ ខ្សែប្រយុទ្ធដែលជួយឲ្យក្រុមមច្ចុរាជទឹកក្រូចហុល្លង់ដណ្ដើមបាន ចំណាត់ថ្នាក់លេខបីពានរង្វាន់ World Cup ឆ្នាំ២០១៤ រូបនេះ នឹងទៅចូលរួមជាមួយអតីតមិត្តរួមក្រុម Nani ដែលផ្ទេរទៅមុនកាលពីខែមិថុនា៕
Robin van Persie និងអ្នកចាត់ការ Louis van Gaal