អ្នកចាត់ការ Jose Mourinho របស់ក្រុមតោខៀវ Chelsea បានលើកឡើងថា បច្ចុប្បន្ននេះខ្សែបម្រើ Eden Hazard ដែលជាកូនក្រុមរបស់លោក គឺល្អជាង Cristiano Ronaldo របស់ Real Madrid ដាច់។
ការដែលអ្នកចាត់ការរហស្សនាម “Special One” យល់ឃើញដូចនេះ គឺសំអាងទៅលើ Hazard បានឈ្នះពានរង្វាន់ជាច្រើនផ្ទាល់ខ្លួន កាលរដូវកាលមុន ដូចជា Football Writers’ Association, Professional Footballers’ Association និងជួយឲ្យក្រុម Chelsea លើកពានក្នុងលីកថែមទៀត រីឯ Ronaldo ដែលជាអតីតកូនក្រុមរបស់លោកដែរនោះ បានឈ្នះតែពានរង្វាន់ផ្ទាល់ខ្លួនប៉ុណ្ណោះ ដោយមិនបានជួយឲ្យក្រុមឈ្នះអ្វីឡើយ។
នៅពេលដែលគេចោទសួរថា តើបច្ចុប្បន្នលោកយល់ថា Hazard ល្អជាង Ronaldo ឬ? អ្នកចាត់ការវ័យ ៥២ឆ្នាំ បានឆ្លើយតបថា៖ “បាទ! ការពិតគឺ Ronaldo ពិតជាធ្វើបានអស្ចារ្យ ដោយអាចស៊ុតបានច្រើនគ្រាប់ ហើយខ្ញុំមិនអាចនិយាយថាគាត់មិនអស្ចារ្យនោះទេ ប៉ុន្តែសម្រាប់គំនិតខ្ញុំ ខ្ញុំយល់ថាកីឡាករទាំងអស់លើលោក គួរតែគិតក្រុមជាធំ។ ខ្ញុំមិនចូលចិត្តកីឡាករ ឬអ្នកចាត់ការរូបណា ដែលចង់ឈ្នះពានរង្វាន់ផ្ទាល់ខ្លួន ជាងក្រុមឡើយ”។
Hazard បានបង្ហាញខ្លួនឲ្យ Chelsea គ្រប់ការប្រកួតទាំងអស់នៅ Premier League រដូវកាលមុន ដោយស៊ុតបាន១៩គ្រាប់ Assists ១១ដង និងបង្កើតឱកាសឲ្យមិត្តរួមក្រុមច្រើនជាងកីឡាករណាៗទាំងអស់ នៅលីកកំពូលអង់គ្លេស ហើយកីឡាករវ័យ២៤ឆ្នាំរូបនេះ បានកំណត់គោលដៅសម្រាប់ខ្លួនឯង ដោយចង់ស៊ុតឲ្យបានច្រើនដូច Ronaldo និង Lionel Messi ផងដែរ នៅរដូវកាលថ្មីខាងមុខនេះ៕