Wayne Rooney ប្រធានក្រុមបិសាចក្រហម Manchester United បានព្រមចូលលេងឲ្យក្រុម Everton ម្ដងទៀត ក្នុងការប្រកួតសប្បុរសធម៌មួយរបស់លោក Duncan Ferguson ដែលជាវីរបុរសរបស់ក្លិប (Everton) ដោយសារតែចង់តបស្នងសងគុណដល់បុរសរូបនេះ។
វីរបុរសក្រុម Everton, Duncan Ferguson ប្រជែងយកបាល់ជាមួយ Roy Keane
Rooney វ័យ២៩ឆ្នាំ នឹងពាក់អាវក្រុម Everon ជាថ្មីម្ដងទៀត សម្រាប់ក្រុមរបស់លោក Duncan Ferguson ដែលនឹងត្រូវប៉ះក្រុម Villarreal របស់អេស្ប៉ាញ នៅកីឡដ្ឋាន Goodison Park នាថ្ងៃទី០២ ខែសីហាខាងមុខនេះ។
ប្រធានក្រុមជម្រើសជាតិអង់គ្លេសរូបនេះ មិនសូវត្រូវបានអ្នកគាំទ្រក្រុម Everton ស្វាគមន៍ប៉ុន្មានទេ ចាប់តាំងពីចាកចេញ ទៅកាន់បិសាចក្រហម Man Utd កាលពីឆ្នាំ២០០៤ ហើយក៏បានធ្វើឲ្យអ្នកគាំទ្រក្រុម Everton ខឹងខ្លាំងម្ដងដែរ កាលឆ្នាំ២០០៨ បន្ទាប់ពីខ្សែប្រយុទ្ធរូបនេះ ថើបស្លាកសញ្ញាក្រុម Man Utd ពេលត្រឡប់ទៅក្លិបចាស់។
យ៉ាងណាក្ដី Rooney បានប្រាប់ដល់វិបសាយរបស់ក្លិប Everton ថា៖ “ក្នុងនាមជាក្មេងប្រុសម្នាក់ កើតនៅតំបន់ Croxteth, Duncan Ferguson គឺជាវីរបុរសរបស់ខ្ញុំ។ ខ្ញុំមិនអាចគិតដឹងថា គួរតែធ្វើអ្វីឲ្យល្អជាងនេះ ដើម្បីអរគុណគាត់ទេ នូវអ្វីៗដែលគាត់បានធ្វើសម្រាប់ខ្ញុំ។ ទោះគាត់មិនអញ្ជើញខ្ញុំ ក៏ខ្ញុំស្ម័គ្រចិត្តមកលេងឲ្យគាត់ដែរ ហើយខ្ញុំនឹងគាំទ្រគាត់នៅថ្ងៃនោះ។ ខ្ញុំជឿថាអ្នកគាំទ្រក្រុម Everton នឹងគាំទ្រទាំងអស់គ្នា”។
ខ្សែប្រយុទ្ធរបស់ក្រុមបិសាចក្រហម Rooney ធ្លាប់លេងឲ្យក្រុមឈុតធំ Everton បានសរុប ៦៧ប្រកួត និងស៊ុតចូលទីបាន ១៥គ្រាប់ មុនផ្ទេរទៅកាន់ Old Trafford៕