ខ្សែការពារ Marcos Rojo របស់ក្រុមបិសាចក្រហម Manchester United ជឿថាមិត្តរួមក្រុមរបស់ខ្លួន Angel di Maria នៅតែជាកីឡាករម្នាក់ល្អបំផុត ក្នុងចំណោមកំពូលកីឡាករល្អៗលើលោក និងជឿថាមិត្តរួមជាតិអាហ្សង់ទីនរបស់ខ្លួន នឹងបង្ហាញទម្រង់លេងល្អឡើងវិញ នៅ Man Utd នារដូវកាលថ្មី។
កីឡាករ ដែលមានតម្លៃខ្លួនខ្ពស់ដាច់គេនៅក្នុងប្រវត្តិសាស្ត្របាល់ទាត់ អង់គ្លេស ៦០លានផោន (ជាង៩៤លានដុល្លារ) លេងពុំសូវបានល្អ សម្រាប់រដូវកាលដំបូងនៅទឹកដីអង់គ្លេស ក្រោមការដឹកនាំរបស់លោក Louis van Gaal និងធ្លាប់មានពាក្យចចាមអារ៉ាមថា អាចនឹងផ្ទេរចេញពី Old Trafford នៅរដូវក្ដៅនេះផងដែរ។
យ៉ាងណាក្ដី សម្រាប់ Rojo នៅតែជឿជាក់យ៉ាងមុតមាំថា Di Maria នឹងលេងឡើងជើងវិញ និងធ្វើឲ្យមតិដែលរិះគន់ស្ងប់ស្ងាត់ ដោយនិយាយប្រាប់ដល់វិបសាយ Copa America ថា៖ “សម្រាប់ខ្ញុំ កីឡាករដែលមានទេពកោសល្យជាងគេនៅ Man Utd គឺ Angel។ មានកីឡាករអស្ចារ្យជាច្រើននៅក្លិប (Man Utd) ប៉ុន្តែសម្រាប់ខ្ញុំគឺ Angel។ គាត់ជាកីឡាករល្អបំផុតក្នុងក្រុម និងនៅលើពិភពលោក”។
ខ្សែការពារវ័យ២៥ឆ្នាំ បន្ថែមថា៖ “វាគឺជាឆ្នាំ ដ៏លំបាកបំផុតមួយ សម្រាប់គាត់។ គាត់មានបញ្ហាខ្លះៗ ដែលត្រូវសម្របខ្លួន ប៉ុន្តែនោះជារឿងធម្មតាទេ។ គ្រប់កីឡាករទាំងអស់ ដែលផ្ទេរទៅលេងនៅប្រទេសថ្មី និងលីកថ្មី ពួកគេត្រូវតែចេះសម្របខ្លួន ប៉ុន្តែខ្ញុំជឿថា គាត់នឹងធ្វើបានល្អវិញ នៅប៉ុន្មានខែខាងមុខទៀតនេះ”។
Rojo និង Di Maria បច្ចុប្បន្នកំពុងជាប់ភារកិច្ចជាមួយក្រុមជម្រើសជាតិអាហ្សង់ទីន ហើយកីឡាករទាំង២នាក់រូបនេះ ក៏ជាតួអង្គសំខាន់ជួយឲ្យអាហ្សង់ទីនឡើងវគ្គផ្ដាច់ព្រ័ត្រ Copa America ផងដែរ ដោយ Rojo ស៊ុតបាន១គ្រាប់ និង Di Maria ស៊ុត២គ្រាប់ អំឡុងពេលដែលអាហ្សង់ទីន ឈ្នះប៉ារ៉ាហ្គាយ ដោយលទ្ធផល ៦-១ កាលពីព្រឹកមិញ៕