សម្រាប់ អ្នកដែលមានទឹកប្រាក់ស្ដួចស្ដើង ហើយចង់បានស្មាតហ្វូនដែលមានគុណភាពល្អនោះ ពេលនេះអ្នកអាចពិចារណាបានចំពោះ OnePlus 2 ដែលមានតម្លៃសមល្មម ចំណែកឯសមត្ថភាពក៏មិនចាញ់ស្មាតហ្វូនកំពូលៗដទៃទៀតដែរ។
ក្រុមហ៊ុនOnePlus បានបង្ហាញពីវត្តមានផ្លូវការរបស់ OnePlus 2 កាលពីថ្ងៃអង្គារកន្លងទៅនេះ ដែលវាជាទូរសព្ទប្រចាំឆ្នាំរបស់ក្រុមហ៊ុន។ OnePlus 2 មានបំពាក់អេក្រង់ LCD ទំហំ ៥,៥អ៊ីញ កម្រិត 1080×1920 ភិចស្សែល ដែលមានទម្ងន់ 175 ក្រាម ហើយអាចប្រើប្រាស់ស៊ីមកាតបានចំនួនពីរ។ កញ្ចក់ទូរសព្ទប្រភេទ Corning Gorilla Glass 4 ដំណើរការដោយប្រតិបត្តិការ Android Lollipop (v5.1)។ មានបំពាក់នូវ CPU ចំនួនពីរប្រភេទគឺ Quad-core Cortex-A53 និង Quad-core Cortex-A57 ល្បឿន 1.8GHz ហើយមាន RAM ទំហំ 3GB ចំពោះ Memory 16GB និង 4GB ចំពោះ Memory 64GB។
កាមេរ៉ាខាងក្រោយទំហំ ១៣មេហ្គាភិចស្សែល ដែលមាននូវមុខងារពិសេសៗជាច្រើន ហើយអាចផ្ដិតយករូបភាពបានក្នុងកម្រិត 4128 x 3096 ភិចស្សែល និងអាចថតវីដេអូបានក្នុងកម្រិត 4K ហើយក៏មានកាមេរ៉ាខាងមុខទំហំ៥មេហ្គាភិចស្សែលផងដែរ។ ទូរសព្ទនេះក៏មានមុខងារស្កេនក្រយៅដៃ ដែលអាចដោះសោទូរសព្ទបានក្នុងរយៈពេលតិចជាងមួយវិនាទី។
បើប្រៀបធៀបសមត្ថភាពរបស់ OnePlus 2 ជាមួយ iPhone 6 យើងឃើញថា OnePlus 2 មានចំណុចជាច្រើនដែលអាចយកឈ្នះ iPhone 6។
ទូរសព្ទនេះមានលក់នៅក្នុងខែសីហាខាងមុខនេះ នៅក្នុងតំបន់អឺរ៉ុប ប្រទេសឥណ្ឌានិង សហរដ្ឋអាមេរិក។ ចំពោះតម្លៃទូរសព្ទនេះវិញគឺ ៣២៩ដុល្លារ សម្រាប់ Memory 16GB និងតម្លៃ ៣៨៩ដុល្លារសម្រាប់ Memory 64GB៕