លោក Josep Maria Bartomeu ដែលជាបេក្ខភាពមួយរូប អាចនឹងក្លាយជាប្រធានក្លិប FC Barcelona ថ្មី បានលើកឡើងថា លោកចង់ឃើញក្លិប Barca ក្លាយជាក្លិបបាល់ទាត់ល្បីល្បាញ និងជានិមិត្តរូបសម្រាប់ក្លិបទាំងអស់ លើពិភពលោក និងបន្ថែមថា ចង់ឲ្យក្លិបអ្នកមានបុណ្យ ល្បីល្បាញ និងពេញនិយមដូច Facebook, Apple & NASA ក្នុងវិស័យបាល់ទាត់។
Barcelona គឺជាក្រុមកំពូលមួយនាពេលបច្ចុប្បន្ន ដោយរដូវកាលមុន ក្រុមមួយនេះបានលើកពានបាន៣ ក្នុង១រដូវកាល និងជាលើកទី២ រយៈពេល៦ឆ្នាំចុងក្រោយ។
បុរសវ័យ៥២ឆ្នាំ Bartomeu ដែលសង្ឃឹមថានឹងជាប់ឆ្នោតជាប្រធានក្លិប Barcelona នាថ្ងៃទី១៨ ខែកក្កដាខាងមុខនេះ បានលើកឡើងថា លោកចង់ឃើញ Barca ក្លាយជា Facebook, Apple & NASA ក្នុងវិស័យបាល់ទាត់។
លោកបាននិយាយថា៖ ”នៅឆ្នាំ២០២១ ខ្ញុំចង់ឲ្យ Barcelona ក្លាយជាអ្វីៗដូច Apple សម្រាប់កុំព្យូទ័រ, NASA សម្រាប់ការរុករក និង Facebook សម្រាប់បណ្ដាញសង្គម។ យើងមានគម្រោងការ ដើម្បីពង្រីកភាពនាំមុខនៅលើពិភពលោក បន្តរហូតដល់ឆ្នាំ២០២១ និងជឿថាវានឹងក្លាយជាយីហោ ដ៏ពេញនិយមលើពិភពលោក។ គោលដៅរបស់យើងគឺ នៅឆ្នាំ២០២១ ពិភពលោក នឹងសហការជាមួយក្លិប Barcelona ទាំងអស់ ក្នុងវិស័យបាល់ទាត់”៕