នៅ ពេលដែលយើងចង់សាកថ្មទូរសព្ទនៅទីងងឹត គឺតែងមានភាពលំបាកដោយសារតែយើងមិនអាចមើលឃើញរន្ធសាករបស់ ទូរសព្ទបាន។ ហេតុដូចនេះទើបក្រុមអ្នកវិទ្យាសាស្ត្រខិតខំរិះរកវិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហានេះ។
ក្រុមអ្នកវិទ្យាសាស្ត្រ របស់ប្រទេសកាណាដាបានបង្កើត Znaps ដែលជាឧបករណ៍ថ្មីមួយប្រើប្រាស់កម្លាំងដែកឆក់សម្រាប់ទាញខ្សែសាក ឲ្យផ្អឹបចូលគ្នាទៅនឹងរន្ធទូរសព្ទ។ Znaps បង្កើតឡើងដោយការចូលរួមរវាងឧបករណ៍ពីរគឺ ទីមួយដុំដែកឆក់ដែលត្រូវដោតជាប់រន្ធទូរសព្ទ និងមួយទៀតគឺដុំដែកឆក់សម្រាប់តភ្ជាប់ជាមួយខ្សែសាករបស់យើង។ ពេលដែលចង់សាកថ្មទូរសព្ទគឺគ្រាន់តែដាក់ខ្សែទូរសព្ទឲ្យកៀកនឹង រន្ធទូរសព្ទ នោះកម្លាំងដែកឆក់នឹងទាញចូលគ្នាជាមិនខាន។
ដុំដែកឆក់ដែលប្រើសម្រាប់តភ្ជាប់ទៅនឹងខ្សែទូរសព្ទមាន បំពាក់នូវភ្លើង LED តូចមួយដែលអាចបញ្ជាក់អំពីស្ថានភាពនៃការសាកថ្ម។ ឧបករណ៍ Znaps នេះអាចឲ្យយើងធ្វើការសាកថ្មបានយ៉ាងងាយទោះបីស្ថិតនៅ ក្នុងទីងងឹតក្ដី ហើយអាចធ្វើការសាកដោយប្រើដៃតែម្ខាងបានទៀតផង។
អ្វីដែលពិសេសនោះ Znaps គឺមិនអនុញ្ញាតឲ្យទឹកជ្រាប់ចូលក្នុងទូរសព្ទរបស់អ្នកក្នុងរយៈពេល ខ្លី បើអ្នកធ្វើឲ្យទូរសព្ទធ្លាក់ចូលក្នុងទឹកដោយចៃដន្យនោះ។ ពេលអ្នកឆកយកទូរសព្ទនោះប្រញាប់ប្រញាល់មិនទាំងបានផ្ដាច់ខ្សែ ឆ្នាំងសាកចេញផង ក៏មិនបញ្ហាដែរ ព្រោះ Znaps នឹងជួយផ្ដាច់ទូរសព្ទអ្នក និងខ្សែសាកថ្មយ៉ាងងាយ មិនដូចខ្សែឆ្នាំងសាកធម្មតា អាចធ្វើឲ្យទូរសព្ទអ្នកធ្លាក់ពីលើដៃក៏ថាបាន។
Znaps អាចប្រើបានជាមួយនឹង iPhone និងទូរសព្ទដំណើរការដោយប្រព័ន្ធប្រតិបត្តិការ Android។ វាអាចនឹងមានលក់នៅលើទីផ្សារនៅចុងឆ្នាំ២០១៥នេះ ក្នុងតម្លៃ ៩ដុល្លារសម្រាប់ឧបករណ៍មួយគូ៕