អ្នកគាំទ្រ ក្រុម Real Madrid ប្រមាណជាង២/៣ ចង់ឲ្យក្លិបរបស់ពួកគេ រង់ចាំរហូតដល់ឆ្នាំក្រោយ ដើម្បីចុះកិច្ចសន្យាយកអ្នកចាំទី David De Gea ពីក្លិបបិសាចក្រហម Manchester United។
ក្លិបនាកីឡដ្ឋាន Bernabeu ចង់បានអ្នកចាំទីជម្រើសជាតិអេស្ប៉ាញ De Gea ខ្លាំងមែនទែននៅរដូវក្ដៅនេះ ប៉ុន្តែស្ដេចស នឹងអាចចុះកិច្ចសន្យាយកកីឡាកររូបនេះ ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ ដោយសារតែបច្ចុប្បន្ន កីឡាករវ័យ២៤ឆ្នាំ នៅជាប់កុងត្រាតែ១ឆ្នាំទៀតប៉ុណ្ណោះជាមួយ Man Utd។
ការស្ទង់មតិលើគេហទំព័រសារព័ត៌មានអេស្ប៉ាញ Marca បានដាក់ជាសំនួរថា៖ “តើអ្នកគិតថា Real Madrid គួរតែទិញ De Gea ឆ្នាំនេះ ឬគួររង់ចាំរហូតដល់ឆ្នាំក្រោយ ពេលផុតកំណត់កិច្ចសន្យា និងផ្ទេរដោយគ្មានតម្លៃខ្លួន?”។
ជាលទ្ធផលឆ្លើយតបនឹងសំនួរខាងលើនេះ ក្នុងនោះឃើញថា ៧០%នៃអ្នកគាំទ្រ យល់ថាក្លិបគួរតែអត់ធ្មត់ និងចាំចុះកិច្ចសន្យាយកអ្នកចាំទី De Gea ដោយគ្មានតម្លៃខ្លួននៅឆ្នាំក្រោយ ខណៈដែល ៣០%ទៀត ចង់ឃើញកីឡាកររូបនេះ មកដល់ក្លិបនៅរដូវក្ដៅនេះតែម្ដង។
Real Madrid បានលក់អ្នកចាំទី ដែលជាវីរបុរសរបស់ក្លិប Iker Casillas ទៅឲ្យ Porto ហើយ ប៉ុន្តែអ្នកគាំទ្រមួយចំនួននៅតែជឿថាអ្នកចាំទី Keylor Navas នឹងអាចធ្វើបានល្អ នៅរដូវកាលថ្មីខាងមុខនេះ ខណៈដែលមួយចំនួនទៀត ចង់បាន De Gea ខ្លាំងមែនទែន។ យ៉ាងណាក្ដី បច្ចុប្បន្ន De Gea កំពុងនៅអាមេរិក ជាមួយក្រុម Man Utd ត្រៀមប្រកួតមិត្តភាព៕