អតីត តារាឆ្នើមរបស់ក្រុមហង្សក្រហម Liverpool ២រូប ខ្សែប្រយុទ្ធ Luis Suarez និងខ្សែបម្រើ Steven Gerrard បានជួបគ្នានៅទឹកដីសហរដ្ឋអាមេរិកម្សិលមិញ មុននឹងក្រុមរបស់ពួកគេ FC Barcelona ប៉ះ LA Galaxy នៅថ្ងៃពុធស្អែកនេះ។
Suarez និង Gerrard ត្រូវបានគេដឹងថា ជាមិត្តភ័ក្ដិដ៏ស្និទ្ធស្នាលនឹងគ្នា អំឡុងពេលដែលអ្នកទាំង២ លេងនៅហង្សក្រហម ទឹកដីប្រទេសអង់គ្លេស ហើយទោះជាពួកគេចាកចេញទៅក្រុមផ្សេងគ្នា ក៏នៅតែជាមិត្តល្អដែរ។
អតីតប្រធានក្រុមអង់គ្លេស Gerrard វ័យ៣៥ឆ្នាំ បានចាកចេញពី Anfield ក្រោយចប់រដូវកាលមុន បន្ទាប់ពីចំណាយពេល១៧ឆ្នាំ លេងនៅឈុតធំ Liverpool ដោយបច្ចុប្បន្នលេងឲ្យក្រុម LA Galaxy របស់អាមេរិក នៅលីក MLS។ Gerrard បានចូលលេងឲ្យ LA Galaxy លើកដំបូងទឹកដីខ្លួនឯង កាលពីថ្ងៃសៅរ៍ ដោយស៊ុតចូលទីបាន១គ្រាប់ និង Assists ឲ្យមិត្តរួមក្រុម២គ្រាប់ទៀត ខណៈដែលក្រុមរបស់ខ្លួន វាយបកឈ្នះ San Jose Earthquakes ៥-២។
រីឯខ្សែប្រយុទ្ធអ៊ុយរុយហ្គាយ Suarez វ័យ២៨ឆ្នាំ បានចាកចេញពី Liverpool ទៅ Barcelona តាំងពីដើមរដូវកាលមុន ក្នុងតម្លៃ៧៥លានផោន (ជិត១១៧លានដុល្លារ)។ រដូវកាលដំបូងនៅ Barca ខ្សែប្រយុទ្ធមុតស្រួច Suarez បានជួយឲ្យអ្នកមានបុណ្យលើកពាន៣តែម្ដង។
អតីតមិត្តរួមក្រុមហង្សក្រហមទាំង២រូបនេះ នឹងត្រូវប៉ះគ្នាតទល់ ខណៈដែលក្រុម Barcelona ប៉ះ LA Galaxy ក្នុងការប្រកួត International Champions Cup នៅថ្ងៃពុធស្អែកនេះ វេលាម៉ោង១០:០៥នាទីព្រឹក (កម្ពុជា)៕