Iker Casillas បានធ្វើសន្និសីទកាសែតកាលពីម្សិលមិញនេះដើម្បីនិយាយពាក្យលាដល់ អ្នកគាំទ្ររបស់ Real Madrid ទាំងអស់ មុនពេលចាកចេញទៅលេងនៅ Porto ។ ក្នុងគ្រានោះដែរ អ្នកចាំទីដែលចំណាយពេល២៥ឆ្នាំនៅ Bernabeu រូបនេះមិនអាចទប់ទឹកភ្នែកមិនឱ្យស្រក់បាននោះទេ ពោលគឺរូបគេយំបណ្ដើរ និយាយបណ្ដើរ ដែលធ្វើឱ្យអ្នកគាំទ្រក្ដុកក្ដួលយ៉ាងខ្លាំង។
អ្នកចាំទីវ័យ៣៤ឆ្នាំរូបនេះបានផ្ដាំផ្ញើដល់អ្នកគាំទ្រ អធិរាជសទាំងអស់នៅលើលោកនេះថា សូមឱ្យចងចាំរូបគេជា “មនុស្សល្អម្នាក់” ជាជាងចង់ចាំរូបគេត្រឹមតែជាអ្នកចាំទីល្អព្រោះថារយៈពេលដែល លោកនៅជាមួយ Real Madrid គឺលោកលះបង់ទាំងកាយទាំងចិត្តដើម្បីជួយក្រុមឱ្យជោគជ័យ។
បន្ថែមពីលើនេះទៀត Casillas បានសរសេរលិខិតលាដល់មិត្តរួមក្រុមនិងអ្នកគាំទ្ររបស់លោកនៅ Real Madrid ថា ៖ “បន្ទាប់ពីចំណាយពេល២៥ឆ្នាំ ដើម្បីការពារសំណាញ់ទីនៅក្លិបខ្លាំងជាងគេលើលោកនេះ ថ្ងៃដែលពិបាកបំផុតក្នុងអាជីពជាកីឡាកររបស់ខ្ញុំបានមកដល់ហើយ។ ខ្ញុំត្រូវនិយាយពាក្យលាដល់ទីកន្លែងដែលផ្ដល់អ្វីគ្រប់យ៉ាងដល់ ខ្ញុំ។ កន្លែងនេះ យើងធ្លាប់សើច យំ និងមានពេលល្អបំផុតជាមួយគ្នា។ ខ្ញុំចង់ប្រាប់អ្នកគ្រប់គ្នាថា ខ្ញុំស្រលាញ់ក្លិបនេះខ្លាំងណាស់ ហើយវាឋិតក្នុងបេះដូងខ្ញុំរហូត។ ទោះជាខ្ញុំទៅដល់ទីណា ក៏ខ្ញុំនៅតែនិយាយ និងស្រែក Hala Madrid ជារៀងរហូត”។
អ្នកចាំទីជម្រើសជាតិអេស្ប៉ាញខាងលើនេះ បានចូលហាត់ក្នុងឈុតយុវជនរបស់ Real នៅឆ្នាំ១៩៩០ ហើយរហូតដល់ឆ្នាំ១៩៩៩ រូបលោកក៏បានចូលលេងនៅឈុតធំ។ រយៈពេល២៥ឆ្នាំកន្លងមកនេះ Casillas បានបង្ហាញខ្លួនឱ្យអធិរាជសបាន៧២៥ប្រកួត និងជួយក្លិបលើកពាន១៨ពានរង្វាន់៕