កម្ពស់ គឺជាចំណុចមួយដ៏សំខាន់សម្រាប់មនុស្សគ្រប់គ្នា ព្រោះវាអាចជួយឲ្យយើងមើលទៅរាងស្រស់ស្អាត ឬកាន់តែសង្ហា។ បើអ្នកមានកម្ពស់ទាប ហើយចង់បានកម្ពស់ឲ្យខ្ពស់ជាងរាល់ដងនោះ មានវិធីច្រើនយ៉ាង ដែលអាចមានដូចជាថ្នាំលេប ចាក់ និងឱសថប៉ូវផ្សេងៗ។ ប៉ុន្តែថ្ងៃនេះ Sabay សូមណែនាំវិធីហាត់ប្រាណសាមញ្ញៗ ដែលអាចជួយពន្លូតកម្ពស់លោកអ្នកបាន ដូចខាងក្រោម៖
១. ហែលទឹក៖
ការហែលទឹក វាតម្រូវឲ្យអ្នកប្រើប្រាស់កម្លាំងដៃ និងកម្លាំងជើងបញ្ច្រាសទិសគ្នា ដូច្នេះវាអាចជួយឲ្យអ្នកលូតកម្ពស់បានដោយមិនដឹងខ្លួន បើអ្នកអាចអនុវត្តវា២ម៉ោងក្នុង១ថ្ងៃជាប្រចាំ។
២. ព្យួរខ្លួន ឬលើកខ្លួន៖
ការហាត់ប្រាណប្រភេទនេះ វាតម្រូវឲ្យអ្នកប្រើកម្លាំងដៃទាញ ដើម្បីលើកដងខ្លួនទាំងអស់ ហើយជើងរបស់អ្នកសំយុងចុះក្រោម ឬចេញកាយវិការផ្សេងៗ ប៉ុន្តែវាអាចមានប្រយោជន៍ខ្លាំង ដែលអាចជួយពន្លូតកម្ពស់របស់អ្នកបាន។
៣. ឱនងើបប៉ះម្រាមជើង៖
ការឱនងើប ដោយយកដៃទាំង២ប៉ះម្រាមជើង វាអាចជួយសម្រួលឲ្យចង្កេះរបស់អ្នក និងសរសៃធ្វើចលនាបានល្អ។
៤. ពត់ខ្លួនឡើងលើ៖
អ្នកអាចគេងផ្គាប់មុខ ប៉ុន្តែពត់ខ្លួនងើបក្បាលឡើងលើ ដូចពស់វែក។ នៅពេលអ្នកធ្វើដូចនេះ កាន់តែច្រើន វាជួយឲ្យឆ្អឹងខ្នងរបស់អ្នកកាន់តែលូតលាស់ល្អ។
៥. គេងផ្ងារ ងើបខ្លួនឡើង៖
របៀបហាត់ប្រាណនេះ គោលបំណងគឺជួយសម្រួលដល់ឆ្អឹងខ្នង ចង្កេះ និងត្រគាក ហើយក៏ជារបៀបហាត់ប្រាណមួយ ដែលគេទទួលស្គាល់ច្រើនថា ជួយពន្លូតកម្ពស់បានច្រើនផងដែរ។
៦. ហាត់កំភួនជើង៖
ការហាត់យកសាច់ដុំកំភួនជើង គឺត្រូវឈរ ដៃសងខាងទប់ជញ្ជាំង ហើយត្រូវប្រមូលទម្ងន់ខ្លួនរបស់អ្នកទាំងអស់ទៅលើជើងម្ខាង បន្ទាប់មកឆ្លាស់ជើងឆ្វេងស្ដាំរាល់ ២០ទៅ៣០វិនាទីម្ដង។
៧. ធ្វើរាងដូចតុ៖
ការហាត់ប្រាណប្រភេទនេះ អ្នកត្រូវផ្ងារខ្លួនឡើងលើ ហើយជើង និងដៃទាំងសងខាងត្រូវទ្រដងខ្លួន រាងដូចតុ។ វាជាការហាត់ប្រាណដ៏ពិបាកមួយ ប៉ុន្តែវាអាចជួយពន្លូតកម្ពស់របស់អ្នកមិននឹកស្មានដល់។
៨. លោតអន្ទាក់៖
ការលោតអន្ទាក់ គឺជាការហាត់ប្រាណមួយ ជួយឲ្យដងខ្លួនមានចលនាល្អ ជាពិសេសគឺជើងទាំង២ នឹងរឹងមាំល្អ ហើយនឹងជួយឲ្យអ្នកលូតកម្ពស់កាន់តែខ្ពស់។
៩. អង្គុយលោត៖
ការលោត វាអាចជួយឲ្យអ្នកកាន់តែខ្ពស់បាន ហើយអ្នកអាចអនុវត្ដវានៅគេហដ្ឋានក៏បាន ឬលេងបាល់បោះ បាល់ឱប…ក៏បាន។
១០. បោះដៃ និងជើងទៅមុខ៖
អ្នកត្រូវអង្គុយរាបលើកម្រាល ហើយសណ្ដូកជើងទាំងសងខាងត្រង់ទៅមុខ និងសន្ធឹងដៃសងខាងទៅមុខផងដែរ។ ចលនានេះ វាជួយឲ្យឆ្អឹងខ្នងលូតលាស់ល្អ ដែលជួយឲ្យកម្ពស់របស់អ្នកខ្ពស់ជាងមុខដូចគ្នា៕