ក្រុម អ្នកមានបុណ្យ FC Barcelona បានយកឈ្នះក្រុមបាតតារាង Cordoba ក្នុងលទ្ធផលយ៉ាងចាស់ដៃ ០-៨ ខណៈខ្សែប្រយុទ្ធសញ្ជាតិអ៊ុយរុយហ្គាយ Luis Suarez ធ្វើបានហ៊ែតទ្រីក ៣គ្រាប់ម្នាក់ឯង។ ជ័យជម្នះដ៏ត្រចះត្រចង់មួយនេះ ជាការបង្ហាញសាច់ដុំ មុនប៉ះក្រុមជើងខ្លាំងរបស់អាល្លឺម៉ង់ FC Bayern Munich ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រពានរង្វាន់កំពូលទ្វីបអឺរ៉ុប UEFA Champions League។
ក្រុមភ្ញៀវ Barcelona ដែលកំពុងឈរលើកំពូលតារាង La Liga បានដាក់សម្ពាធយ៉ាងខ្លាំងលើក្រុមម្ចាស់ផ្ទះ Cordoba ប៉ុន្តែមិនអាចទម្លាយសំណាញ់ទីក្រុមបាតតារាងនេះបានឡើយ ក្នុងរយៈពេល ៤១ នាទីដំបូង។ ឈានចូលដល់នាទីទី៤២ ទើបខ្សែបម្រើ Ivan Rakitić រកបានមួយគ្រាប់បំបែកពងមាន់។ រំលងបាន ៣នាទី ជិតចប់ការប្រកួតតង់ទីមួយ កីឡាករ Luis Suarez បន្ថែមបានមួយគ្រាប់ទៀត នាំមុខក្រុមម្ចាស់ផ្ទះ ០-២។
ចូលដល់តង់ទី២ ក្រុមអ្នកមានបុណ្យនៅតែវាយសម្រុកគ្មានបន្ធូរកម្លាំង រហូតរកបាន ៦គ្រាប់ទៀត ដោយកំពូលខ្សែប្រយុទ្ធសញ្ជាតិអាហ្សង់ទីន Lionel Messi(នាទីទី៤៦,៨០) កីឡាករសញ្ជាតិអ៊ុយរុយហ្គាយ(នាទីទី៥៣,៨៨) កីឡាករ Gerard Pique(នាទីទី៦៥) និងបាល់ពិន័យ ១១ម៉ែត្រ របស់ខ្សែប្រយុទ្ធវ័យក្មេងសញ្ជាតិប្រេស៊ីល Neymar (នាទីទី៨៥)។
បើទោះបីទទួលបានជ័យជម្នះកាលពីយប់មិញ ក៏ក្រុមអ្នកមានបុណ្យមិនទាន់សង្ឃឹមថាអាចលើកពាន La Liga បានឡើយ ដោយសារក្រុម Real Madrid បានយកឈ្នះក្រុម Sevilla ដល់ផ្ទះ និងតាមពីក្រោយតែពីរពិន្ទុប៉ុណ្ណោះ ខណៈការប្រកួតនៅសល់ ៣ប្រកួតម្នាក់ទៀត៕