ក្រុម អធិរាជស Real Madrid នៅតែតាមប្រកិតពីក្រោយក្រុមអ្នកមានបុណ្យ FC Barcelona បន្ទាប់ពីកំពូលខ្សែប្រយុទ្ធ Cristiano Ronaldo ធ្វើបានហ៊ែតទ្រីកយកឈ្នះលើក្រុមម្ចាស់ផ្ទះ Sevilla ដោយលទ្ធផល ២-៣។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ក្នុងជំនួបនេះ គឺពីរគ្រាប់របស់ខ្សែប្រយុទ្ធសញ្ជាតិព័រទុយហ្គាល់ Ronaldo រកបានក្នុងចន្លោះពេលមិនដល់ពីរនាទីផង។
ក្រុម Real Madrid ជាអ្នកបើកការនាំមុខមុនលើក្រុមម្ចាស់ផ្ទះ Sevilla នៅនាទីទី៣៦ ដោយកីឡាករ Ronaldo ជាអ្នកតែតបញ្ចូលទី។ រំលងបានមួយនាទី ពោលគឺនៅនាទីទី៣៧ កីឡាករ Ronaldo ដដែល បានស៊ុតបន្ថែមមួយគ្រាប់ទៀតឲ្យក្រុមអធិរាជស។ ជិតបញ្ចប់តង់ទីមួយទៅហើយ កីឡាករ Sergio Ramos បានបង្កកំហុសក្នុងតំបន់គ្រោះថ្នាក់ ធ្វើឲ្យក្រុម Sevilla មានឱកាសស៊ុតបាល់ពិន័យ ១១ម៉ែត្រ តាមពីក្រោយវិញ ១-២។
ចូលដល់តង់ទីពីរ នាទីទី៦៨ កីឡាករ Ronaldo រកបានគ្រាប់បាល់ហ៊ែតទ្រីករបស់ខ្លួន ដោយការតែតបញ្ចូលទី ក្រោយកីឡាករ Gareth Bale លើកបាល់ចូលតំបន់គ្រោះថ្នាក់។ រហូតដល់នាទីទី៧៩ ក្រុមម្ចាស់ផ្ទះរកបានមួយគ្រាប់វិញ និងបន្តរហូតដល់ចប់ការប្រកួតដោយលទ្ធផល ២-៣។