ក្រុម តោខៀវ Chelsea ដែលឈ្នះជើងឯក Premier League តាំងពីសល់៣ប្រកួតក្នុងដៃនោះ បានបន្តជ័យជម្នះនៅកីឡដ្ឋាន Stamford Bridge នាក្នុងការប្រកួតបិទរដូវកាលយប់មិញនេះ ដោយយកឈ្នះឆ្មាខ្មៅ Sunderland ៣-១។ លទ្ធផលនេះ ធ្វើឲ្យក្រុមលោក Jose Mourinho លើកពានដោយមាន៨ពិន្ទុលើក្រុមលេខ២ Manchester City។
Steven Fletcher បានតែតបញ្ចូលទីឲ្យក្រុមភ្ញៀវនាំមុខមុននាទី២៦ ប៉ុន្តែមិនអាចធ្វើឲ្យ Chelsea បរាជ័យជាលើកដំបូងក្នុងដីបានទេ ក្រោយខ្សែប្រយុទ្ធ Diego Costa ស៊ុតបាល់ពិន័យ១១ម៉ែត្រតាមស្មើវិញនៅនាទី៣៧ មុនពេល Loic Remy បន្ថែម២គ្រាប់ទៀត នៅនាទី៧០ និង៨៨។
លទ្ធផលនេះ ធ្វើឲ្យក្រុមលោក Dick Advocaat បញ្ចប់រដូវកាលដោយឈរលេខ១៦ក្នុងតារាង លើតំបន់កាត់ចោលតែ៣ពិន្ទុប៉ុណ្ណោះ។ ចំណែក Chelsea ដែលឈរកំពូលតារាងបាន២៦៨ថ្ងៃ ពោលគឺតាំងពីថ្ងៃទី៣០ ខែសីហា ២០១៤មកនោះ បានកាន់កាប់តំណែងជើងឯកលីកកំពូលអង់គ្លេសជាលើកទី៥ ហើយក៏ជាលើកទី៣ក្រោមការដឹកនាំរបស់លោក Mourinho ផងដែរ៕
ចង់ដឹងទិដ្ឋភាពលើកពានយ៉ាងណានោះ សូមមើលរូបភាព និងវីដេអូខាងក្រោម៖