ការ ប្រកួតក្របខ័ណ្ឌ UEFA Champions League ជើងទី១វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្ររវាងក្រុមម្ចាស់ផ្ទះ Juventus និង Real Madrid កាលពីយប់មិញនេះ បានបញ្ចប់ទៅដោយលទ្ធផល ២-១ ខណៈដែលអ្នកចាត់ការក្រុម Real លោក Carlo Ancelotti បាននិយាយក្រោយចប់ការប្រកួតថា ត្បិតតែចាញ់ក៏ពិតមែន ប៉ុន្តែក្រុមលោកនៅតែមានឱកាសឡើងទៅវគ្គបន្តបាន។
ការប្រកួតនាយប់មិញនេះ ក្រុមម្ចាស់ផ្ទះ Juventus ហាក់មានប្រៀបជាងបន្តិចដោយបើកការវាយសម្រុកតាំងពីដើមតង់ទីមួយ រហូតរកបានគ្រាប់បាល់ដំបូងដោយអតីតកីឡាករ Real Madrid ដែរគឺ Alvaro Morata នៅនាទីទី៨។ បន្ទាប់ពីនាំមុខ១គ្រាប់នេះ អធិរាជសក៏មិនឱ្យអ្នកគាំទ្រអន់ចិត្តដែរ ព្រោះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានរកបានមួយគ្រាប់វិញនៅនាទី២៧ ក្រោយទទួលបានពី James Rodriguez ។
លទ្ធផល១-១ នេះបានរក្សារហូតដល់ចប់តង់ទីមួយ។ ខណៈដែលចូលមកដល់តង់ទី២ ម្ចាស់ផ្ទះសេះបង្កង់បានរកឃើញគ្រាប់បាល់ជ័យជម្នះរបស់ខ្លួន ដោយការទាត់បាល់ពិន័យ១១ម៉ែត្រពីសំណាក់កីឡាករ Tevez បន្ទាប់ Dani Carvajal បង្កកំហុសនៅតំបន់គ្រោះថ្នាក់នៅនាទី៥៧។ ចប់ការប្រកួត Juventus ជាអ្នកយកជ័យជម្នះលើក្រុមយក្សអេស្ប៉ាញដោយលទ្ធផល ២-១ ។
ក្រោយពីចប់ការប្រកួតនេះដែរ អ្នកចាត់ការក្រុម Real លោក Carlo Ancelotti បាននិយាយថា ក្រុមរបស់លោកនៅតែមានសង្ឃឹមឡើងទៅវគ្គផ្ដាច់ព្រ័ត្របានដដែល ព្រោះនៅជើងទី២នឹងធ្វើឡើងនៅទឹកដីអេស្ប៉ាញ ដូច្នេះអធិរាជសមានឱកាសច្រើនជាងនៅអ៊ីតាលី។ មួយវិញទៀត ដោយមានទម្រង់លេងមិនល្អកាលពីយប់មិញនេះ មានអ្នកគាំទ្រជាច្រើនមិនពេញចិត្តនោះទេ ចំពោះការដាក់ Ramos ឱ្យលេងជាខ្សែបម្រើ៕