តារា ចម្រៀង ខេមរ សិរីមន្ត បានប្រកាសជាសាធារណៈថា ត្រៀមរៀបចំការប្រគំតន្ត្រីដ៏ធំមួយមានឈ្មោះថា “តារាបៃតង” ដើម្បីផ្សព្វផ្សាយពីគ្រោះថ្នាក់ចរាចរណ៍ក្នុងពេលឆាប់ៗនេះ ក្រោមការសហការជាមួយក្រុមហ៊ុន Home Media ខណៈរូបគេនឹងចូលរួមច្រៀងមិនយកកម្រៃឡើយ។
ការប្រកាសរបស់តារាចម្រៀងរូបនេះ ក៏ធ្លាប់បានធ្វើឡើងនៅក្នុងឱកាសចូលជួបសម្ដែងការគួរសមចំពោះ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានកាលពីពេលថ្មីនេះផងដែរ ដើម្បីស្នើសុំយោបល់បន្ថែម។ ដោយឡែកព្រឹកនេះ សេរីមន្ត បញ្ជាក់ថា៖ “ខ្ញុំច្រៀងមិនយកប្រាក់ពីការប្រគំតន្ត្រីនោះទេ ព្រោះជាការចូលរួមជួយសង្គម និង ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងមានការកើនឡើងនៅក្នុងសង្គមទាំងមូល”។
សាមីខ្លួនដដែលបន្តថា នេះជាទឹកចិត្តផ្ទាល់របស់លោក ក្នុងការចូលរួមលើកទឹកចិត្តប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ខ្ពស់ នៅពេលធ្វើដំណើរតាមដងផ្លូវ និង ពន្យល់ពួកគាត់បន្ថែមឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។ តារាចម្រៀងដែលកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងបទ “កាឡុក កាឡុក” រូបនេះបានបញ្ជាក់ថា ព្រោះរូបលោកក៏ធ្លាប់ជាជនរងគ្រោះម្នាក់ នៅក្នុងគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ កាលពីដើមឆ្នាំ ២០១៣ កន្លងទៅ និង បណ្ដាលឱ្យមានអ្នកស្លាប់ ៤ នាក់។
ខេមរៈ សិរីមន្ត បន្តថា៖ “ដូច្នេះខ្ញុំពិតជាមានការរន្ធត់ និង បានដឹងច្បាស់ពីភាពឈឺចាប់នៅពេលមានសាច់ញាតិរបស់ខ្លួនបានជួប រឿងអាក្រក់នេះ។ តារាសំណព្វចិត្តយុវវ័យភាគច្រើនរូបនេះជឿជាក់ថា យុទ្ធនាការផ្សព្វផ្សាយ អាចទទួលបានជោគជ័យដរាបណាមានការចូលរួមពីបណ្ដាញព័ត៌មាននានា ហើយមិនមែនមានតែការប្រគំតន្ត្រីប៉ុណ្ណោះទេ គឺរូបគេនឹងចុះផ្សព្វផ្សាយដោយផ្ទាល់តាមសាលា ឬចែកមួកសុវត្ថិភាពជាច្រើនផងដែរ។
កាលពីថ្ងៃទី ៥ ខែឧសភាកន្លងទៅនេះ ឯកឧត្តម ខៀវ កាញារីទ្ធ បានលើកឡើងថា ការលះបង់របស់តារាចម្រៀង ខេមរៈ សេរីមន្ត ពិតជាទង្វើដ៏គំរូ និង ជាការចូលរួមជួយសង្គមយ៉ាងមានឥទ្ធិពល ដោយឯកឧត្តមបានលើកឡើងថា ការនិយាយស្តី និង ផ្ញើសាររបស់តារារូបនេះ ពិតជាមានតម្លៃដល់មហាជន។ ឯកឧត្ដមបានលើកឡើងថា លោក ខេមរៈ សិរីមន្ត ជាវីរយុវជន ដែលសិល្បករនានាគួរតែយកតម្រាប់តាមនូវទង្វើដ៏ប្រពៃនេះ។ ជាមួយគ្នានោះ ឯកឧត្ដមក៏បានចូលរួមឧបត្ថម្ភកម្មវិធីប្រគំតន្ត្រី នូវថវិកាមួយចំនួនផងដែរ៕