ក្រោយ ការប្រកួតយ៉ាងស្វិតស្វាញពេញ ១២ទឹក កីឡាករមិនធ្លាប់ចាញ់សញ្ជាតិអាមេរិក Floyd Mayweather បានយកឈ្នះកីឡាករសញ្ជាតិហ្វីលីពីន Manny Pacquiao ដោយពិន្ទុជាឯកច្ឆន្ទពីសំណាក់ចៅក្រមទាំងបីរូប។
យ៉ាងណាក្ដី លទ្ធផលនេះបានធ្វើឲ្យមានមតិចម្រូងចម្រាស់យ៉ាងខ្លាំងកើតឡើង ដោយភាគច្រើនគិតថាកីឡាករ Pacquiao ទើបសមជាអ្នកទទួលបានជ័យជម្នះ ខណៈកីឡាកររូបនេះផ្ទាល់ក៏បានលើកឡើងយ៉ាងដូច្នេះដែរ។
“ខ្ញុំគិតថាខ្ញុំទើបជាអ្នកឈ្នះ… គេ(Floyd) មិនបានធ្វើអ្វីឡើយ”។ កីឡាករម្ចាស់ខ្សែក្រវាត់ច្រើនស្ថាប័ន Manny Pacquiao និយាយដោយសំដៅទៅលើស្ទីលវាយរបស់ Floyd បានត្រឹមរត់គេច។ នេះជាការបញ្ជាក់ដោយខកចិត្តរបស់កីឡាករអាស៊ី Pacquiao ក្នុងបទសម្ភាសន៍ក្រោយការប្រកួតដ៏តានតឹងរយៈពេល ១២ទឹកពេញ។
មិនមែនតែ PacMan ទេ ដែលមានអារម្មណ៍បែបនេះ សូម្បីកំពូលស្ដេចប្រដាល់ Evander Holyfield ក៏បាននិយាយប្រាប់សារព័ត៌មាន ESPN ដែរថា “ពិតណាស់… ក្នុងការប្រកួតមានមនុស្សពីរនាក់។ ម្នាក់ប្រឹងរត់គេច… ឯម្នាក់ទៀតប្រឹងដេញតាមរហូត”។
ឆ្លងកាត់ការប្រកួត ១២ទឹកពេញកាលពីព្រឹកមិញនេះ ម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ពិភពលោក WBC/WBA កីឡាករ Floyd Mayweather បានទទួលជ័យជម្នះលើកីឡាករហ្វីលីពីន Manny Pacquiao ដោយការផ្ដល់ពិន្ទុជាឯកច្ឆន្ទពីសំណាក់ចៅក្រមទាំងបី ១១៨-១១០, ១១៦-១១២ និង ១១៦-១១២៕