កាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រីស្ដីទីរបស់ប្រទេសថៃ បានធ្វើការឆ្លើយតបដោយពាក្យសម្ដីធ្ងន់ៗ ចំពោះក្រុមអ្នករិះគន់រឿងមិនទទួលយកជនភៀសខ្លួន មកពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ដែលកំពុងរសាត់អណ្ដែតគ្មានគោលដៅលើសមុទ្រអាស៊ាន។
លោក ប្រាយុទ្ធ ចាន់អូចា
លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយថា ចំពោះប្រជាជនដែលគិតថារដ្ឋាភិបាលខ្លួនឯងគួរជួយជនភៀសខ្លួនតាមទូក នៅលើសមុទ្រនោះ គួរតែទៅសមុទ្រដោយខ្លួនឯង ហើយប្ដូរកន្លែងរស់នៅជាមួយជនភៀសខ្លួនទាំងនោះ។
ការឆ្លើយតបរបស់មេដឹកនាំយោធារូបនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលក្រុងបាងកក រងការរិះគន់ថាមិនព្រមព្រៀងទទួលយកជនភៀសខ្លួនដែលជាប់គាំងលើ សមុទ្រ តាមប្រទេសម៉ាឡេស៊ី និងប្រទេសឥណ្ឌូណេស៊ី។
លោក ប្រាយុទ្ធ ចាន់អូចា បាននិយាយមុខសមាជិកសភា អំឡុងពេលធ្វើសុន្ទរកថាពីកញ្ចប់ថវិកាជាតិថា “អ្នកគាំទ្រគំនិតនេះ (ទទួលយកជនភៀសខ្លួន) សូមបរិច្ចាគម្នាក់មួយបាតរាល់ថ្ងៃ បើមិនអ៊ីចឹងទេនាំពួកគេទៅនៅផ្ទះជាមួយទៅ បើមានការទទួលយកមែននោះ”។ អតីតមេបញ្ជាការយោធារូបនេះ បានបញ្ជាក់ទៀតថា “បើមិនអ៊ីចឹង អ្នកឯងភៀសខ្លួនទៅនៅលើសមុទ្រ ហើយនាំពួកគេ (ជនភៀសខ្លួន) មកនៅលើគោកជំនួសវិញក៏បាន”។
រយៈពេល ១០ថ្ងៃចុងក្រោយនេះ ជនភៀសខ្លួនតាមទូក Rohingya របស់ប្រទេសមីយ៉ាន់ម៉ា និង Bangladeshis របស់ប្រទេសបង់ក្លាដេសប្រមាណជិត ៣០០០នាក់ ត្រូវបានជួយសង្គ្រោះ ឬហែលឡើងគោកក្នុងប្រទេសម៉ាឡេស៊ី ឥណ្ឌូណេស៊ី និងប្រទេសថៃ។ រាប់ពាន់នាក់ផ្សេងទៀត កំពុងជាប់គាំងតាមទូកលើសមុទ្រដ៏ល្វឹងល្វើយ ជាមួយអាហារ និងដ៏តិចតួច ដែលជាវិបត្តិដ៏ធំមួយសម្រាប់ប្រទេសនៅតំបន់អាស៊ាន។
ប្រទេសមួយចំនួននៅតំបន់អាស៊ាន បានរងការរិះគន់យ៉ាងខ្លាំង បន្ទាប់ពីម្នាក់ៗប្រឹងរុញច្រានទូកផ្ទុកជនភៀសខ្លួនទាំងនោះទៅ កណ្ដាលសមុទ្រវិញ មិនឲ្យចូលដែនដីរបស់ខ្លួន។ ទោះយ៉ាងណា បន្ទាប់ពីការជួបប្រជុំគ្នានៅរាជធានីកូឡាឡាំពួរ កាលពីថ្ងៃពុធ ប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី បានព្រមព្រៀងថានឹងទទួលយកជនភៀសខ្លួនបណ្ដោះអាសន្នរយៈពេលមួយឆ្នាំ រហូតដល់ពួកគេអាចតាំងទីលំនៅថ្មី ឬមានការជួយសង្គ្រោះពីភ្នាក់ងារពិភពលោក។
ចំណែកប្រទេសថៃវិញ នៅតែរក្សាគោលជំហរមិនទទួលជនភៀសខ្លួនទាំងនោះ ប៉ុន្តែបាននិយាយការពារគោលការណ៍លើជនភៀសខ្លួនរបស់ខ្លួន។ លោក ប្រាយុទ្ធ បានបញ្ជាក់ថាប្រទេសថៃ បានក្លាយជាជម្រកជនភៀសខ្លួន ៩០ម៉ឺននាក់ទៅហើយ ក្នុងរយៈពេល ១ទសវត្សរ៍ចុងក្រោយ៕
ជនភៀសខ្លួនតាមទូក Rohingya និង Bangladeshis