Paul Scholes អតីតខ្សែបម្រើឆ្នើមក្រុម Manchester United បានលើកឡើងថា បិសាចក្រហមត្រូវការកីឡាករថ្មី៥នាក់បន្ថែមទៀត នៅរដូវក្ដៅនេះ ដើម្បីអាចប្រជែងយកតំណែងជើងឯក English Premier League បាន នៅរដូវកាលក្រោយ។
Man Utd បានទិញ Memphis Depay ពីក្រុម PSV បានម្នាក់ហើយ ប៉ុន្តែ Scholes យល់ថាក្រុមរបស់លោក Louis van Gaal នៅត្រូវការ ខ្សែការពារ២នាក់ ខ្សែបម្រើម្នាក់ ខ្សែប្រយុទ្ធម្នាក់ និងអ្នកចាំទីម្នាក់ទៀត បើ David De Gea ផ្ទេរទៅកាន់ Real Madrid។
បុរសវ័យ៤០ឆ្នាំ បានប្រាប់ដល់ Sky Sports ថា៖ “ខ្ញុំគិតថា Man Utd អាចនឹងស្វែងរក ខ្សែការពារកណ្ដាលម្នាក់ ខ្សែការពារស្ដាំម្នាក់ អ្នកចាំទីម្នាក់ ខ្សែប្រយុទ្ធកំពូលម្នាក់ និងអាចខ្សែបម្រើប្រយុទ្ធម្នាក់ទៀត ដូច្នេះសរុបគឺ៥នាក់”។
“យើងឃើញថា ពេលពួកគេលេងទល់នឹងក្រុមធំៗ ពួកគេធ្វើបានល្អណាស់។ បើពួកគេអាចលេងរបៀបនោះ ពេញមួយរដូវកាល ទល់នឹងក្រុមនៅកណ្តាល និងក្រោមពាក់កណ្ដាលតារាងដែរនោះ ពួកគេនឹងមានឱកាស ឈ្នះពានរង្វាន់។ ពួកគេ អាចនឹងប្រជែងគ្នាជាមួយនឹង Chelsea និង Manchester City។ ចំណែកឯ Arsenal ខ្ញុំមិនព្រួយទេ។ ទោះជាយ៉ាងណានៅតែមានចន្លោះត្រូវបំពេញបន្ថែមបើចង់ឈរនៅកំពូល តារាង”។ វីរបុរសរបស់ក្លិបបិសាចក្រហម បានបន្ថែម។