អ្នក ប្រដាល់មិនដែលចាញ់ Floyd Mayweather Jr បានប្រកាសថាការប្រកួតចុងក្រោយរបស់ខ្លួននៅខែកញ្ញាខាងមុខនេះ នឹងបង្កើតឱ្យមានការសម្ដែងប្លែកៗមិនធ្លាប់មានពីមុនមក ដើម្បីជាការលាអ្នកគាំទ្រទាំងអស់។
Floyd បន្ទាប់ពីយកឈ្នះអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao ដោយពិន្ទុកាលពីដើមខែនេះមក បានប្រកាសរួចជាស្រេចហើយថានឹងប្រកួតមួយប្រកួតទៀតនៅខែកញ្ញាខាង មុខនេះ ហើយបន្ទាប់ពីនោះមកលោកនឹងចូលនិវត្តន៍ពីវិស័យកីឡាប្រដាល់ហើយ។ ការប្រកួតចុងក្រោយនោះ មិនទាន់ដឹងនៅឡើយទេថានរណាជាដៃគូរបស់អ្នកប្រដាល់អាមេរិករូប នេះ ប៉ុន្តែមតិជាច្រើនជឿជាក់ថាមានតែអ្នកខ្លាំងមកពីអង់គ្លេស Amir Khan ហើយដែលមានភាគរយខ្ពស់ជាងគេ។
Amir Khan ដែលមានសង្ឃឹមខ្ពស់អាចប្រកួតជាមួយ Floyd
ទន្ទឹមនឹងការប្រកួតចុងក្រោយនោះ បុរសវ័យ៣៨ឆ្នាំខាងលើបានរៀបរាប់ថា៖ “ខ្ញុំមិនទាន់ដឹងថានរណាជាដៃគូចុងក្រោយរបស់ខ្ញុំទេ ប៉ុន្តែខ្ញុំគ្រាន់តែដឹងថាប្រកួតនោះនឹងធ្វើឡើងឱ្យប្លែកជាងគេ បំផុត (a crazy, crazy show )។ ខ្ញុំនឹងអញ្ជើញកំពូលតារាចម្រៀងរ៉េប និងអ្នកល្បីផ្សេងៗទៀតមកសម្ដែងមុនប្រកួត ដើម្បីបង្កើតជាពេលវេលាមួយមិនអាចបំភ្លេចបាន និងទុកជាការលាគ្នាដល់អ្នកគាំទ្រទាំងអស់”។
Floyd Mayweather ជាកំពូលអ្នកប្រដាល់អាមេរិកនាពេលបច្ចុប្បន្ន ដែលធ្លាប់ប្រកួត៤៨ដង ឈ្នះទាំង៤៨ដង ហើយក៏ជាកីឡាករម្នាក់ដែលរកចំណូលបានច្រើនជាងគេក្នុង ប្រវត្តិសាស្ត្រផងដែរ ពោលគឺគ្រាន់តែប្រកួតជាមួយ Pacman កាលពីដើមខែនេះ លោកអាចទទួលចំណូលយ៉ាងតិច១៨០លានដុល្លារអាមេរិកទៅហើយ ៕