កីឡាករ Xavi Hernandez បានប្រកាសចាកចេញពីក្លិប Barcelona ទៅប្រទេសកាតាមែនទែនហើយ បន្ទាប់ពីចំណាយពេលនៅអេស្ប៉ាញ២៤ឆ្នាំ។
ខ្សែបម្រើជម្រើសជាតិអេស្ប៉ាញ Xavi គឺជាកីឡាករដែលលេងនៅ Barcelona តាំងពីរូបគេមានអាយុ១១ឆ្នាំមក។ ហើយរយៈពេល២៤ឆ្នាំនេះដែរ កីឡាករវ័យ៣៥ឆ្នាំរូបនេះបានបង្ហាញខ្លួន៧៦៤ដង និងជួយក្រុមឈ្នះពានរហូតដល់២៣ពានរង្វាន់ ដែលក្នុងនោះរួមមាន UEFA Champions League ៣សម័យកាល និង La Liga ៨សម័យកាល។
កីឡាករដែលជួយឱ្យជម្រើសជាតិអេស្ប៉ាញឈ្នះ World Cup 2010 ខាងលើបាននិយាយថា៖ “ខ្ញុំមានភារកិច្ចថ្មីជាមួយក្រុមយុវជនរបស់ប្រទេសកាតា។ ដូច្នេះខ្ញុំនឹងព្យាយាមចាប់អាជីពថ្មីនេះ ដើម្បីបានក្លាយជាគ្រូបង្វឹកល្អម្នាក់ទៅថ្ងៃអនាគត។ ក្ដីស្រមៃរបស់ខ្ញុំទៅថ្ងៃមុខទៅ គឺសង្ឃឹមថានឹងបានមកធ្វើការជាមួយ Barca ជាថ្មីម្ដងទៀត”។
ក្រុម Barcelona កាលពីពេលថ្មីៗនេះ ក៏បានព្យាយាមបន្តកុងត្រាជាមួយ Xavi ទៀតដែរ ប៉ុន្តែប្រធានក្រុមរូបនេះបានសម្រេចចិត្តហើយថា រូបគេត្រូវតែចាកចេញហើយនៅពេលចប់រដូវកាលនេះ ដើម្បីឆ្ពោះទៅរកអនាគតថ្មី ៕