បេក្ខភាព ៨ រូបដែលត្រូវប្រកួតដណ្ដើមខ្សែក្រវាត់ភេសជ្ជៈខារ៉ាបាវ រដូវកាលទីពីរត្រូវបានរកឃើញហើយ ដែលកម្មវិធីនេះរៀបចំឡើងនៅសង្វៀនស្ទឹងមានជ័យដដែល នៅពេលការប្រកួតរដូវកាលទីមួយបញ្ចប់។
លោក នាង ស៊ីវុត្ថា អ្នករៀបចំកម្មវិធីប្រដាល់របស់ស្ថានីយទូរទស្សន៍បាយ័នបានឲ្យដឹងថា កម្មវិធីដណ្ដើមខ្សែក្រវាត់ខារ៉ាបាវរដូវកាលទីពីរនេះមាន ប្រាក់រង្វាន់និង ខ្សែក្រវាត់ដូចគ្នា ទៅនឹងរដូវកាលទីមួយដែរ។ ទឹកប្រាក់សរុបមាន ១ ម៉ឺនដុល្លារអាមេរិកហើយជើងឯកទទួលបានខ្សែក្រវាត់មួយ និង ប្រាក់រង្វាន់ ៥ ពាន់ដុល្លារអាមេរិក ជើងឯករងនិងលេខ ៣ ក៏មិនខុសអីនិងរដូវកាលទីមួយដែរ។
លោកបានបន្ថែមថា កីឡាករកម្ពុជា ៤ រូបនោះរួមមាន ប៉ឺត ខាំ ,ឡៅ ស៊ីណាត , វង្ស ណយ និង ពុធ ហុច ។ ចំណែកកីឡាករថៃទាំង បួននាក់រួមមាន Watcharalek or . Kwanmueng ,Khong Phakao or. Yuthachai , Jongangfight Jong snanyem និង Plangchork or. Yuth chai ។
លោកបានលើកឡើងទៀតថា ចំពោះលក្ខណៈ មិនខុសអីនឹងការប្រកួតរដូវកាលទីមួយទេគឺ កីឡាករកម្ពុជានៅពូល A ជាមួយកីឡាករកម្ពុជាហើយកីឡាករថៃនៅពូល B ជាមួយគ្នា។ សម្រាប់អ្នកដែលបានឡើងមកវគ្គបន្ទាប់ឬវគ្គពាក់កណ្ដាល ផ្ដាច់ព្រ័ត្រគឺ អ្នកដែលមានពិន្ទុខ្ពស់តាមពូលនីមួយៗ ចំនួន២ នាក់។
អ្នករៀបចំកម្មវិធីរូបនេះបានបញ្ជាក់ថា កម្មវិធីនេះជាការប្រកួតដណ្ដើមខ្សែក្រវាត់មិត្តភាពកម្ពុជាថៃ ដូច្នេះនៅវគ្គបន្ទាប់ត្រូវតែមានកីឡាករកម្ពុជា ២ រូបនិងកីឡាករថៃ ២ រូប។ ផ្ទុយទៅវិញមិនមែនប្រើលក្ខណៈរើសយកតែអ្នកមានពិន្ទុខ្ពស់ក្នុង ពូលណាមួយនោះទេ គឺគេរើសយកអ្នកមានពិន្ទុខ្ពស់ក្នុងពូលកីឡាករកម្ពុជា ២ រូបនិងអ្នកមានពិន្ទុខ្ពស់ក្នុងពូលកីឡាករថៃ ២ រូប។
សម្រាប់ការប្រកួតរដូវកាលទី ១ វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រនឹងប្រកួតនាថ្ងៃទី ៣១ ឧសភា ឆ្នាំ ២០១៥ ខាងមុខនេះគឺ ជាការជួបគ្នារវាងកីឡាករលេខមួយក្នុងពូល A កែវ រំចង់ និងអ្នកលេខពីរក្នុងពូល B កីឡាករថៃ Tilek Pithak ។ ចំណែកមួយគូរទៀតអ្នកលេខពីរក្នុងពូល A ឡុង សុភី ជួបកីឡាករលេខមួយក្នុងពូល B ដែលមានកម្ពស់ខ្ពស់របស់ថៃ Rareung Lukchampacha៕
កីឡាករ ប៉ឺត ខាំ
កីឡាករ ពុធ ហុច ក្រហម