បើគេធ្វើដំណើរចាកចេញពីផ្លូវជាតិលេខ៣ ចុះទៅបណ្ដោយផ្លូវជាតិ ៣៣ មិនយូរប៉ុន្មាននឹងដល់ប្រជុំជនស្រុក កំពង់ត្រាច ខេត្តកំពត។ បត់ឆ្វេងតាមផ្លូវលំសម្បូរជង្ហុកធំៗដែលមានលំនៅឋាន អ្នកភូមិខ្លះប្រកបរបរកិនថ្ម ២ទៅ៣គីឡូម៉ែត្រទៀត នឹងទៅដល់ភ្នំកំពង់ត្រាច ដែលសម្បូរដោយច្រាំងថ្មដុះជ្រោងឡើងលើ យ៉ាងមហិមា ដែលមានទិដ្ឋភាពអំណោយផលដល់ការថតភាពយន្តនានា។
ឯកសាររមណីយដ្ឋានប្រវត្តិសាស្ត្រនិយាយថា ភ្នំកំពង់ត្រាច គឺបានបង្កប់មកជាមួយនូវជំនឿផ្សេងៗ សម្បូរដោយរូបសំណាក់ និងល្អាងថ្ម។ អ្នកទេសចរណ៍មួយចំនួន ប្រហែលជាធ្លាប់ទៅឃើញហើយ នូវល្អាងមួយ ដែលអ្នកស្រុកនៅទីនោះហៅថា រូងព្រះច័ន្ទ។ នៅរដូវមានភ្លៀង រូងព្រះច័ន្ទពោរពាសដោយទឹកថ្លាឆ្លុះ ត្រជាក់ដូចទឹកអម្រឹត ដែលអាចឲ្យគេងូតកម្សាន្តយ៉ាងមនោរម្យ ក្នុងបូរាណឋានធម្មជាតិ។ ជុំវិញល្អាង និងផ្នែកខាងលើព័ទ្ធពេនដោយចម្រឹងថ្មភ្នំ ដែលមានទេសភាពត្រកាល គួរជាទីគយគន់ និងផ្ទិតរូបភាព។ ប៉ុន្តែនៅរដូវប្រាំងទឹកក្នុងល្អាងតែងស្រក និងរីកស្ងួត ដែលធ្វើឲ្យទេសភាពប្រែប្រួលបន្តិចពីរដូវមានភ្លៀង។ ដូច្នេះបើអ្នកទៅលេងនៅខែនេះ ប្រហែលមិនទាន់មានទឹកនោះទេ។
បើទៅកម្សាន្ត ទោះជាអ្នកមិនស្គាល់ភូមិសាស្ត្រនៅទីនោះក៏មិនបញ្ហាដែរ ព្រោះនៅពេលដែលយាន្តជំនិះរបស់អ្នកលូនលយជិតដល់ភ្នំ ក្មេងៗអ្នកស្រុកតែងរត់ ឬជិះកង់ប្រសាចតាម ហើយពួកគេជាមគ្គុទ្ទេសក៍អាចនាំអ្នកទៅកាន់កន្លែងនានា និងរៀបរាប់ពីទីតាំងសំខាន់ៗនៅទីនោះ ប្រាប់អ្នកជាមិនខាន។ ប៉ុន្តែអ្នកគួរទិញរបស់ញ៉ាំទៅជាមួយផង អ្នកអាចញ៉ាំរីករាយជាលក្ខណៈគ្រួសារ មិត្តភ័ក្តិ នៅកណ្ដាលធម្មជាតិត្រកាល ព្រោះថាពុំមានអារហារដ្ឋានលក់ដូរឡើយ បើអ្នកហេវហត់អស់កម្លាំង។
រូងព្រះច័ន្ទ នៅស្រុកកំពង់ត្រាច ខេត្តកំពត (រូបភាព៖ visapour)