កំពូល អ្នកប្រដាល់រុស្សី Gennady Golovkin ឬហៅថា “GGG” ដែលត្រូវបានគេដាក់រហស្សនាមឲ្យថា “ស្ដេចប្រដាល់” រុស្ស៊ីបានលើកឡើងថា លោកចង់សម្រកទម្ងន់ចុះនៅសល់ត្រឹម៧០គីឡូក្រាម ដើម្បីសម្រេចក្ដីសុបិន វ៉ៃទល់នឹងកំពូលអ្នកប្រដាល់ពិភពលោករបស់អាមេរិក Floyd Mayweather។
GGG ដែលមានទម្ងន់ជិត៧៥គីឡូក្រាម កំពុងតែធ្វើឲ្យពិភពលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីវ៉ៃផ្ដួល Willie Monroe Jr ត្រឹមទឹកទី៦ទៀត កាលពីប្រកួតថ្ងៃសៅរ៍កន្លងទៅ និងបានបង្កើនកំណត់ត្រាដ៏អស្ចារ្យបំផុត ពោលគឺវ៉ៃ ៣៣ដង ឈ្នះទាំង៣៣ និងផ្ដួលដៃគូឲ្យសន្លប់ដល់ទៅ ៣០ដង។
ចំណែកឯ Floyd ដែលជាកំពូលអ្នកប្រដាល់ពិភពលោកបច្ចុប្បន្ន មានកំណត់ត្រាល្អឥតខ្ចោះដូចគ្នា ពោលគឺវ៉ៃ ៤៨ដង ឈ្នះទាំង៤៨ដង និងផ្តួលដៃគូឲ្យសន្លប់បាន២៦ដង ខណៈដែលប្រកួតចុងក្រោយ បានយកឈ្នះលើអ្នកប្រដាល់ឆ្នើមរបស់ហ្វីលីពីន Manny Pacquiao ដោយពិន្ទុ កាលពីដើមខែនេះ។
កំពូលអ្នកប្រដាល់ ដែលស្ទើរតែគ្មានដៃគូវ៉ៃ GGG បាននិយាយថា៖ “Mayweather គឺជាដៃគូ នៅក្នុងក្ដីស្រមៃរបស់ខ្ញុំ។ ខ្ញុំចង់សម្រកទម្ងន់ចុះសល់ត្រឹម៧០គីឡូក្រាម ដើម្បីធ្វើឲ្យការប្រកួតជាមួយគេអាចកើតឡើងបាន”។
យ៉ាងណាក្ដី Floyd មានទម្ងន់តែ១៤៧ផោន (ជាង៦៦គីឡូក្រាម) ប៉ុណ្ណោះ ប៉ុន្តែបើ GGG អាចបញ្ចុះសល់ត្រឹម ៧០គីឡូ ហើយ Floyd ដំឡើងដល់៧០គីឡូក្រាមដែរនោះ ការប្រកួតរវាងកំពូលអ្នកប្រដាល់មិនដែលចាញ់ទាំង២រូបនេះ អាចនឹងកើតមានឡើងមែន៕