កីឡាករ ជើងចាស់ និងជាវីរបុរសនៅក្របខ័ណ្ឌ Premier League ៣រូបមាន Frank Lampard, Steven Gerrard និង Didier Drogba បានបញ្ចប់អាជីពជាកីឡាករនៅលីកកំពូលអង់គ្លេសហើយ បន្ទាប់ពីបង្ហាញខ្លួនក្នុងការប្រកួតចុងក្រោយព្រមគ្នា កាលពីយប់មិញ។
– Lampard៖ បង្ហាញខ្លួន ៦០៩ប្រកួត ស៊ុតបាន ១៧៧គ្រាប់
– Gerrard៖ បង្ហាញខ្លួន ៥០៤ប្រកួត ស៊ុតបាន ១២០គ្រាប់
– Drogba៖ បង្ហាញខ្លួន ២៥៤ប្រកួត ស៊ុតបាន ១០៤គ្រាប់
ប៉ុន្តែក្នុងការប្រកួត ដែលអ្នកគាំទ្រវិស័យបាល់ទាត់ជុំវិញពិភពលោក មានការក្ដុកក្ដួលខ្លាំង កាលពីយប់មិញ ឃើញថាកីឡាករឆ្នើមទាំង៣រូបនេះ មានរឿងរ៉ាវខុសគ្នាៗរៀងៗខ្លួន នាថ្ងៃចុងក្រោយ នៅក្របខ័ណ្ឌ Premier League។ តើខុសគ្នាដូចម្ដេចខ្លះ? សូមទស្សនាខាងក្រោម៖
១. Frank Lampard
ពាក់ស្លាកដៃប្រធានក្រុម Manchester City និងស៊ុតបញ្ចូលទីបាន១គ្រាប់នៅនាទី៣១ ប៉ុន្តែត្រូវដូរចេញនៅនាទី៧៧។ ចប់ការប្រកួត Man City ឈ្នះ Southampton ២-០។ Lampard នឹងត្រូវទៅចូលរួមជាមួយក្លិប New York City FC របស់អាមេរិក នារដូវកាលថ្មី។
២. Didier Drogba
ពាក់ស្លាកដៃប្រធានក្រុម Chelsea ប៉ុន្តែត្រូវដូរចេញនាទី៣០ និងត្រូវបានមិត្តរួមក្រុមលើកសែងយ៉ាងរីករាយ។ ចប់ការប្រកួតតោខៀវ ឈ្នះ Sunderland ៣-១ និងលើកពានលីកកំពូលរបស់អង់គ្លេស Premier League។ Drogba បានប្រកាសហើយថា នឹងចាកចេញពី Chelsea ប៉ុន្តែមិនទាន់ចូលនិវត្តន៍ទេ ពោលគឺអាចនឹងលេង១រដូវកាលទៀត តែក្រុមណាមួយនោះ មិនទាន់ដឹងនៅឡើយទេ។
៣. Steven Gerrard
ពាក់ស្លាកដៃប្រធានក្រុម Liverpool ស៊ុតបញ្ចូលទីបាន១គ្រាប់។ ប៉ុន្តែចប់ការប្រកួតហង្សក្រហម ចាញ់យ៉ាងអាម៉ាស់មិនធ្លាប់មានរយៈពេល៥២ឆ្នាំ ពោលគឺចាញ់ Stoke ៦-១។ Gerrard នឹងត្រូវទៅចូលរួមជាមួយក្លិប LA Galaxy របស់អាមេរិក នារដូវកាលថ្មី៕