កំពូល អ្នកប្រដាល់មិនដែលចាញ់ Floyd Mayweather នៅតែអាចរក្សាកំណត់ត្រារបស់ខ្លួន ដោយយកឈ្នះពិន្ទុអ្នកប្រដាល់សញ្ជាតិហ្វីលីពីន Manny Pacquiao ក្រោយប្រកួតយ៉ាងស្វិតស្វាញ ១២ទឹកពេញ កាលពីម្សិលមិញ។
អ្នកប្រដាល់អាមេរិក ដែលមានរហ័សនាមថា “Money” បានទទួលលុយដ៏មហាសាលថែមទៀត ក្រោយការប្រកួតប្រចាំសតវត្សចប់ម្សិលមិញ ពោលគឺទទួលបានលុយជិត ១៨០លានដុល្លារ។
ប្រិយមិត្តចង់ដឹងដែរទេថា លុយរាប់រយលានដុល្លារនេះ តើ Floyd នឹងធ្វើអ្វីបានខ្លះ? Sabay សូមបង្ហាញត្រួសៗ ដូចខាងក្រោម៖
១. Cristiano Ronaldo
Floyd អាចខ្ចីជើងកីឡាករល្អបំផុតក្នុងលោក Ronaldo បានចំនួន ៤៩ ២៦២ប្រកួត។ ក្នុងការប្រកួតប្រដាល់នៅទីក្រុង Las Vegas ម្សិលមិញនេះ Floyd វ៉ៃ៤វិនាទី ស្មើនឹងថ្លៃឈ្នួលរបស់ Ronaldo មួយសប្ដាហ៍ នៅ Real Madrid។
២. ទីក្រុង Tokyo
ទីក្រុង Tokyo របស់ជប៉ុនគឺជាទីក្រុង ដែលមានអចលនទ្រព្យថ្លៃជាងគេបំផុតមួយ នៅលើពិភពលោក ដែល១ម៉ែត្រការ៉េ តម្លៃជិត២ពាន់ដុល្លារ។ ប៉ុន្តែបើ Floyd ចង់ទិញ គឺអាចទិញបាន ៩៧១២៩ម៉ែត្រការ៉េ នៃទីក្រុង Tokyo ពោលគឺធំជាងផ្ទៃដីទីក្រុងនេះទាំងមូលថែមទៀត។
៣. Fernando Torres
Fernando Torres មានតម្លៃ ៥០លានផោន (ជាង៧៥.៥លានដុល្លារ) កាលពីក្លិប Chelsea ទិញពី Liverpool។ ប៉ុន្តែតម្លៃនេះ បើ Floyd ចង់ទិញខ្សែប្រយុទ្ធអេស្ប៉ាញរូបនេះមកទាត់គ្រាន់ជាការកម្សាន្ត គឺអាចទិញបាន២ឯណោះ ហើយសល់លុយទៀត។
យ៉ាងណាក្ដី នេះគ្រាន់តែជាការប្រៀបធៀបរបស់សារព័ត៌មាន The Mirror ប៉ុណ្ណោះ ដើម្បីបង្ហាញថាតម្លៃ Floyd គឺខ្ពស់មហាសាល៕