ក្រុម West Brom បានបំបាក់ក្រុមជើងឯកថ្មី English Premier League តោខៀវ Chelsea ដោយលទ្ធផល ៣-០ និងធ្វើឲ្យក្រុមរបស់លោក José Mourinho ជួបការបរាជ័យលើកទី៣ នៅរដូវកាលនេះ នៅកីឡដ្ឋាន Hawthorns កាលពីយប់មិញ។
ខ្សែប្រយុទ្ធឆ្នើមវ័យក្មេង Saido Berahino បានស៊ុតឲ្យម្ចាស់ផ្ទះនាំមុខមុន តាំងពីនាទីទី៩ មុនពេលដែល Cesc Fabregas ត្រូវពិន័យកាតក្រហមនៅនាទីទី២៩ ក្រោយទាត់បាល់ទៅលើ Chris Brunt។ ចូលដល់តង់ទី២ Berahino បានស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចគ្រាប់ទី២ បន្ទាប់ពី John Terry បង្កកំហុសក្នុងតំបន់គ្រោះថ្នាក់នាទី ៤៧។ ម្ចាស់ផ្ទះ បានថែម១គ្រាប់ទៀត ដោយ Brunt នៅនាទី៦០ ដែលជាគ្រាប់បាល់ចុងក្រោយ។
ខណៈដែលក្រុមតោខៀវ បានឈ្នះពានរង្វាន់ ហើយ West Brom ក៏រួចផុតពីតំបន់កាត់ចោល ដោយឈរនៅពាក់កណ្ដាលតារាងហើយនោះ លទ្ធផលនេះហាក់ដូចជាពុំសូវជាសំខាន់ទេ សម្រាប់ក្រុមទាំង២៕