ពិធី រៀបអាពាហ៍ពិពាហ៍របស់សត្វសុនខមួយគូ បានរៀបចំឡើងយ៉ាងអធិកអធមនៅប្រទេសអូស្ត្រាលី ដែលគ្រាន់តែឈុតរៀបការសម្រាប់សុនខជាកូនក្រមុំ មានតម្លៃដល់២០០០ដុល្លារអូស្ត្រាលី (ប្រហែល១៦០០ដុល្លារអាមេរិក)។
ពិធីរៀបការនេះត្រូវបានរៀបចំដោយអង្គការជួយសង្គ្រោះសត្វសុនខ Pug Rescue and Adoption Victoria និងមានការចូលរួមពីអ្នកចូលចិត្តសុនខ ចំនួន៣៥០នាក់ អមជាមួយសត្វសុនខជាង៦០ក្បាលផងដែរ។
បើតាមអ្នករៀបចំ បានឲ្យដឹងថាពិធីនេះរៀបចំបានយ៉ាងរលូនបើទោះបីជាសត្វសុនខដែល ស្លៀកឈុតទាន់សម័យមានអារម្មណ៍ភ័យខ្លាចបន្តិចក៏ដោយ។ ហើយអ្វីដែលជាពិសេសនោះគឺនៅពេលដែលសុនខញី Jasmine ស្លៀកឈុតកូនក្រមុំដើរចុះមកផ្លូវប្រារព្ធពិធី ក៏មានសត្វសុនខជាច្រើនបានស្ទុះមកមើលផងដែរ៕