កីឡាករ Floyd Mayweather បាននិយាយពាក្យមួយឃ្លាផ្ញើជូនអ្នកកាសែតទាំងអស់ថា សូមទុកពេលឱ្យរូបគេសប្បាយចិត្តនិងជ័យជម្នះលើ Manny Pacquiao ផង ព្រោះថាតាំងពីប្រកួតចប់មកមិនដែលមានព័ត៌មានណាចុះផ្សាយល្អពី គេឡើយ។
បន្ទាប់ពីទទួលជ័យជម្នះលើ Pacquiao ដោយពិន្ទុកាលពីថ្ងៃអាទិត្យសប្ដាហ៍មុនមក មានព័ត៌មានជាច្រើនបានចុះផ្សាយថាការប្រកួតនេះគឺចៅក្រមទាំងបី នាក់ឱ្យពិន្ទុមិនត្រឹមត្រូវនោះទេ ពោលគឺលម្អៀងទៅខាង Floyd ហើយថែមទាំងនិយាយអាក្រក់ពីអ្នកប្រដាល់អាមេរិកនេះទៀតផង។ រឿងនេះហើយបានធ្វើឱ្យអ្នកប្រដាល់មិនដែលចាញ់រូបនេះមិនសប្បាយ ចិត្តនោះទេ ដោយនិយាយថាបើកភ្នែកឡើងឃើញព័ត៌មានអាក្រក់ពីខ្លួនរហូត។
“ខ្ញុំចង់ឱ្យពេលក្រោកពីគេងមក បានអានព័ត៌មានល្អខ្លះ មិនមែនអាក្រក់រហូតនោះទេ។ ខ្ញុំដឹងថា Manny វាយខ្ញុំត្រូវ ហើយទឹកមួយចំនួនគេក៏បានពិន្ទុច្រើនជាងខ្ញុំដែរ។ តែទោះជាយ៉ាងនេះក្ដី ខ្ញុំបានគេចផុតច្រើន ហើយការវាយរបស់គេក៏ខុសគោលដៅមិនតិចនោះដែរ ដូច្នេះពេលនោះគឺគេមិនបានពិន្ទុទេ”។ នេះជាសម្ដី Floyd បាននិយាយ។
សូមរំលឹកបន្តិចថា ការប្រកួតរវាងអ្នកទាំងពីរខាងលើនេះ គឺ Mayweather បានយកឈ្នះ Manny ដោយពិន្ទុ ១១៨-១១០, ១១៦-១១២ និង ១១៦-១១២។ ចំណែកឯស្ថិតិនៃការវាយរបស់អ្នកទាំងពីរវិញគឺ Pacquiao វាយចេញ៤២៩ដង ត្រូវតែ៨១ដងទេ ហើយ Floyd វិញវាយចេញ៤៣៥ដង ត្រូវ១៤៨ដង ៕