“ចេះ តែទៅរួចហើយ អូនឯងជួយមើលសុទ្ធតែតារាល្បីៗ ប៉ុន្តែ លក់ខ្លួនត្រឹម ៣០០ ដុល្លារ ដូចជាមិនសក្ដិសមនឹងកេរ្តិ៍ឈ្មោះសោះ”។ នេះជាការលើកឡើងពីប្រភពសុំមិនបញ្ចេញឈ្មោះ បម្រើការងារក្នុងសិល្បៈដ៏គួរឱ្យទុកចិត្តប្រាប់ Sabay។
រូបភាព នៃការទិញលក់តារាៗក្នុងសង្គមសិល្បៈខ្មែរត្រូវបានប្រភពមិន បញ្ចេញឈ្មោះខាងលើអះអាងថា គឺធ្វើឡើងតាមរយៈម៉ែយ៉ែមដែលមានឥទ្ធិពលក្នុងវិស័យនេះ។ កេរ្តិ៍ឈ្មោះ និង ថ្លៃខ្លួនមានភាពខុសស្រលះពីគ្នា ហើយប្រការនេះនាំឱ្យប៉ះពាល់ដល់កិត្តិយសអ្នកសិល្បៈដទៃទៀត រួមនឹងវិស័យសិល្បៈខ្មែរទាំងមូលផងដែរ។
ប្រភពបន្តថា ថ្លៃខ្លួន ៣០០ ដុល្លារសម្រាប់ការដេកជាមួយតារា មិនមែនម៉ែយ៉ែមចេះតែកំណត់តម្លៃទៅកាន់ភ្ញៀវទេ គឺភាគច្រើនតារាខ្លួនឯងផ្ទាល់តែម្ដងដែលដាក់តម្លៃទៅឱ្យម៉ែយ៉ែម ដើម្បីជួយរកទីផ្សារ។ ទោះជាបែបនេះ ប្រភពដ៏គួរឱ្យទុកចិត្តខាងលើមិនដឹងពីមូលហេតុការដោះដូរថ្លៃ ខ្លួនតារាទាបដូច្នេះឡើយ។
រូបតំណាង
ទាក់ទងទៅនឹងព័ត៌មានទិញ-លក់ខ្លួន តារា ក្នុងតម្លៃខ្លួននេះ លោក ទេព រិនដារ៉ូ ក៏ធ្លាប់បានលើកឡើងកាលពីពេលកន្លងមកថា លោកធ្លាប់ឮ គេនិយាយថា តារាមិនសូវល្បី គឺមានតម្លៃពី ២០០-៣០០ ដុល្លារ ហើយប្រសិនបើតារាណាល្បី គឺមានតម្លៃចន្លោះពី ៣០០-៣០០០ ដុល្លារសហរដ្ឋអាមេរិក។ ប្រសិនបើមានការចរចាត្រូវរ៉ូវគ្នា តារាល្បីៗ គឺគេអាចណាត់ជួបជាមួយភ្ញៀវទៅគេងនៅឯក្រៅប្រទេស ក្រោមលេសចូលរួមកម្មវិធីផ្សេងៗជាដើម។
ប៉ុន្តែ តារាស្រីរៀមច្បងល្បីឈ្មោះ អ្នកស្រី ឌី សាវ៉េត អះអាងថា អ្នកស្រីមិនបានដឹងពីការទិញលក់ថ្លៃខ្លួនតារាតារាត្រឹម តែទឹកប្រាក់ ៣០០ ដុល្លារនោះទេ។ តារាសម្ដែងល្បីឈ្មោះក្នុងទសវត្សទី ៦០ រូបនេះ សម្ដែងអារម្មណ៍ភ្ញាក់ផ្អើលថា៖ “អីមានចឹងមែនក្មួយ មីងអត់ដឹងអ្វីសោះ”។
បើទោះជាការឆ្លើយតបនឹង Sabay ថា មិនដឹងរឿងអ្វីទាំងអស់ជុំវិញការទិញ-លក់តារាក្នុងវិស័យសិល្បៈ ក៏ប៉ុន្តែតារាសម្ដែងវ័យ ៧០ ឆ្នាំរូបនេះ បានចោទជាសំនួរមួយខ្លីថា៖ “ហេតុអ្វីពួកគាត់ក្មេងៗខ្លះទើបចូលសិល្បៈមិនទាន់បានប៉ុន្មានផង មាន ឡានជិះ វិឡាស្នាក់នៅ និង គ្រឿងសម្ភារៈប្រើប្រាស់ទំនើបៗ ខណៈកេរ្តិ៍ឈ្មោះមិនទាន់នឹងមានអ្នកស្គាល់ផង”។
អ្នក ស្រី ឌី សាវ៉េត បន្តថា ប្រសិនបើការជួញដូរថ្លៃខ្លួនតារាបានកំណត់ច្បាស់ៗ ហើយរីកសុះសាយកាន់តែខ្លាំងនោះ នឹងអាចធ្វើឱ្យប៉ះពាល់ដល់វិស័យសិល្បៈទាំងមូលនាពេលខាងមុខ ព្រោះក្មេងៗជំនាន់ក្រោយនឹងមិនហ៊ានប្រឡូកចូលសិល្បៈដោយរអានឹង រឿងខាងលើ។
ទាក់ទងនឹងបញ្ហានេះដែរ អ្នកស្រី លឹម មុន្នី អនុប្រធានកម្មវិធីផ្នែកស្ត្រី និង កុមារ នៃសមាគមអាដហុក ធ្លាប់និយាយនឹង Sabay ថា ការជួញដូរភេទក្នុងសិល្បៈខ្មែរ មិនមែនជារឿងថ្មីទេ គឺកើតឡើងជាយូរមកហើយ។ មកទល់នឹងពេលបច្ចុប្បន្ន ការទិញ-លក់ខ្លួនតារាៗ បានល្បីសុះសាយពេញផ្ទៃប្រទេស។
ការកើនឡើង នៃការជួញដូរភេទក្នុងសង្គមសិល្បៈខ្មែរ ដោយសារសម្ភារៈនិយមអូសទាញ ដូចជា លុយ ឡាន ផ្ទះវិឡា ជាដើម ហើយការជួញដូរនេះភាគច្រើនធ្វើឡើងតាមរយៈម៉ែយ៉ែម។
អនុប្រធានកម្មវិធីផ្នែកស្ត្រី និង កុមារនៃសមាគម អាដហុករូបនេះបន្តថា សមត្ថកិច្ចពិបាកនឹងវែកមុខចាប់ខ្លួនម៉ែយ៉ែមដែលជាអ្នកទិញលក់ តារាៗ ព្រោះម៉ែយ៉ែមទាំងនោះមានឥទ្ធិពលក្នុងវិស័យសិល្បៈ ក៏ដូចជាមានខ្នងក្រាស់ៗនៅចាំជួយការពារពីក្រោយ។
នៅប៉ុន្មានឆ្នាំចុងក្រោយនេះ ព័ត៌មានជុំវិញការទិញ-លក់ខ្លួនតារាៗ ចាប់ផ្ដើមកម្រើកជាខ្លាំង បន្ទាប់ពីម្ចាស់ហាងកែសម្ផស្សល្បីឈ្មោះ ចែមុំ ត្រូវចាប់ខ្លួន ពាក់ព័ន្ធនឹងការធ្វើសញ្ចរកម្ម។ មួយវិញទៀតតារាចម្រៀង អ្នកនាង អុំ រស្មី ក៏ត្រូវបានសមត្ថកិច្ចចាប់ខ្លួនផងដែរ រឿងនាំក្មេងៗ យកទៅឱ្យតាតាឡើងសណ្ឋាគារ៕