សហរដ្ឋអាមេរិក បានសម្រេចចិត្តទទួលយកជនភៀសខ្លួន Rohingya ដែលជាប់គាំងនៅសមុទ្រក្នុងតំបន់អាស៊ានអស់ជាច្រើនថ្ងៃមកហើយ។ សកម្មភាពនេះ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងជាអន្តរជាតិ ដើម្បីជួយដោះស្រាយបញ្ហាជនភៀសខ្លួនជាប់តាមទូកនៅតំបន់អាស៊ាន។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសនៃសហរដ្ឋអាមេរិកកាលពីថ្ងៃ ពុធម្សិលមិញ។
អ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក អ្នកស្រី Marie Harf
អ្នកនាំពាក្យក្រសួងការបរទេសរបស់សហរដ្ឋអាមេរិក អ្នកស្រី Marie Harf បាននិយាយថា សហរដ្ឋអាមេរិកត្រៀមខ្លួនដើរតួជាប្រទេសឈានមុខគេក្នុងការទទួលយក ជនភៀសខ្លួនងាយរងគ្រោះបំផុត ដែលរៀបចំឡើងដោយភ្នាក់ងារជនភៀសខ្លួនរបស់អង្គការសហប្រជាជាតិ។
រយៈពេល ៣សប្ដាហ៍កន្លងទៅ ជនភៀសខ្លួនជាជនជាតិមូស្លីម Rohingya ជាង ៣ពាន់នាក់ បានភៀសខ្លួនយ៉ាងវេទនា ពីប្រទេសមីយ៉ាន់ម៉ា និងបង់ក្លាដេស ដើម្បីគេចចេញពីភាពក្រីក្រ។ ពួកគេបានធ្វើដំណើរតាមទូកដោយលើសចំណុះហូរហៀរ មកបណ្ដាប្រទេសនៅក្នុងតំបន់អាស៊ាន ប៉ុន្តែត្រូវប្រទេសទាំងនេះបដិសេធមិនទទួលយក។
ក្រុមអ្នកផ្ដល់ជំនួយបានបញ្ជាក់ថា ជនភៀសខ្លួនរាប់ពាន់នាក់ទៀតកំពុងជាប់គាំងនៅសមុទ្រ បន្ទាប់ពីឈ្មួញរត់ពន្ធមនុស្សខុសច្បាប់ទុកពួកគេចោល ព្រោះការចាត់វិធានការណ៍ពីអាជ្ញាធរមានសមត្ថកិច្ចនៃបណ្ដាប្រទេស នានា។
ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ មានការស្ទាក់ស្ទើរក្នុងការទទួលយកជនភៀសខ្លួន Rohingya និងរុញច្រានទូកផ្ទុកជនភៀសខ្លួនដែលកំពុងស្រេកឃ្លានទាំងនោះ ទៅឆ្ងាយពីដែនដីរបស់ខ្លួន ព្រោះភ័យខ្លាចចំពោះការកើនឡើងនៃលំហូរចូលជនភៀសខ្លួនខុស ប្រាថ្នា។ ទោះយ៉ាងណា កាលពីថ្ងៃពុធម្សិលមិញ បណ្ដាលប្រទេសទាំងនោះ បានបន្ទន់ឥរិយាបថវិញហើយ។
អ្នកស្រី Harf បានស្វាគមន៍ចំពោះការសម្រេចចិត្តរបស់រដ្ឋាភិបាលនានា ក្នុងការប្រកាន់ខ្ជាប់នូវទំនួលខុសត្រូវរបស់ខ្លួនស្របតាមច្បាប់ អន្តរជាតិ ព្រមទាំងផ្ដល់ជំនួយមនុស្សធម៌ និងជម្រកដល់ជនភៀសខ្លួនដែលងាយរងគ្រោះ ចំនួន ៧០០០នាក់។ អ្នកនាំពាក្យរូបនេះ បានបញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី១ ខែតុលាមក សហរដ្ឋអាមេរិកបានជួយតាំងទីលំនៅឡើងវិញដល់ជនភៀសខ្លួន Rohingya ជាង ១០០០នាក់រួចមកហើយ។
អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោក Anthony Blinken នឹងធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសមីយ៉ាន់ម៉ានៅថ្ងៃព្រហស្បតិ៍ នេះ ដើម្បីជំរុញឲ្យប្រទេសមីយ៉ាន់ម៉ាមានកិច្ចសហប្រតិបត្តិការជាមួយ បង់ក្លាដេស ជួយជនភៀសខ្លួនដែលរសាត់អណ្ដែតគ្មានគោលដៅ៕
ជនភៀសខ្លួន Rohingya នៅតែលតោលលើសមុទ្រ