• ព័ត៌មានថ្មី

    Tuesday, October 27, 2015

    Barca ឆ្លើយ​តប​​រឿង​​​ Messi អាច​​ចាក​ចេញ​ពី​ក្លិប

    Josep Maria Bartomeu ​ប្រធាន​ក្លិប​ Barcelona បាន​ឆ្លើយ​តប​ទាំង​កំហឹង ទៅ​លើ​សេចក្ដីរាយការណ៍​មួយ​ ដែល​លើក​ឡើង​ថា Lionel Messi នឹង​ចាក​ចេញ​ពី​​អ្នក​​មាន​បុណ្យ ​ហើយ​លោក​សង្កត់​ធ្ងន់​ថា ការ​លើក​ឡើង​នេះ​ គឺ​ជា​រឿង​​​ឡប់​សតិ​គួរ​ឲ្យ​ខ្មាស​អៀន​មួយ។


    ​Messi បច្ចុប្បន្ន កំពុង​សម្រាក​ព្យាបាល​របួស​ជង្គង់​ ប៉ុន្តែ​កាល​ពី​ប៉ុន្មាន​ថ្ងៃ​មុន​នេះ មាន​សារព័ត៌មាន​ជា​ច្រើន​លើក​ឡើង​ថា តារា​ឆ្នើម​រូប​នេះ​​​ចង់​​ចាក​ចេញ​ពី​កីឡដ្ឋាន​ Camp Nou ​​ដែល​អាច​ផ្ទេរ​ទៅ​ Premier League លេង​ឲ្យ​ក្រុម​ Chelsea, Manchester City និង​ Manchester United ជា​ដើម។

    យ៉ាងណា លោក​ Bartomeu ​បាន​ចេញ​មក​បដិសេធ​ហើយ​ថា កីឡាករ​ដ៏​សំខាន់​រូប​នេះ នឹង​មិន​ចាក​ចេញ​ទៅ​ណា​ទេ។ បុរស​វ័យ​៥២​​ឆ្នាំ​រូប​​​នេះ ​ប្រាប់​ដល់​ 8TV​ ​ថា៖ “អ្នក​ដែល​និយាយ​ថា Messi នឹង​ចាក​ចេញ​ពី​ Barcelona គួរ​តែ​មាន​ការ​​ខ្មាស​អៀន​ខ្លួន​ឯង។ Messi កំពុង​ព្យាបាល​របួស ដើម្បី​ឲ្យ​ជា​ទាន់​ប្រកួត​ Madrid-Barcelona។ គាត់​សង្ឃឹម​ថា នឹង​អាច​លេង​ El Clasico ​ហើយ​របួស​របស់​គាត់​ កំពុង​តែ​ស្ថិត​ក្នុង​ដំណើរការ​ព្យាបាល​យ៉ាង​ល្អ”។

    “Leo និង​ឪពុក​របស់​គាត់ បាន​និយាយ​ថា​ពួកគេ​មិន​ដែល​ស្រមៃ​ចង់​ទៅ​លេង​នៅ​ក្លិប​ណា​​ផ្សេង​ទេ។ ទំនាក់ទំនង​របស់​យើង​ជាមួយ​គ្រួសារ​របស់​គេ​ល្អ​ណាស់។ គាត់​នៅ​ជាប់​កិច្ចសន្យា ៣​រដូវ​កាល​ទៀត”។ ​ប្រធាន​ក្លិប​សញ្ជាតិ​អេស្ប៉ាញ​បន្ថែម។

    Messi បាន​រង​របួស​​ជង្គង់​​ខាង​ឆ្វេង​ធ្ងន់ធ្ងរ កាល​​ Barca ឈ្នះ​ Las Palmas ​ទាំង​ប្រផុតប្រផើយ ២-១ ​កាល​ចុង​ខែ​កញ្ញា ដែល​​ធ្វើ​ឲ្យ​ម្ចាស់​ពាន​រង្វាន់​ Ballon d’Or ៤​សម័យ​កាល​រូប​នេះ ត្រូវ​អវត្តមាន​ដល់​ទៅ​ជិត​២​ខែ។ ប៉ុន្តែ​គេ​រំពឹង​ថា ខ្សែ​ប្រយុទ្ធ​រូប​នេះ នឹង​អាច​ជាសះស្បើយ​ទាន់​ ពេល​ប្រកួត​ធំ​ Barca ប៉ះ​ Real Madrid ​នៅ​ចុង​ខែ​វិច្ឆិកា​ខាង​មុខ៕
    • Blogger Comments
    • Facebook Comments
    Item Reviewed: Barca ឆ្លើយ​តប​​រឿង​​​ Messi អាច​​ចាក​ចេញ​ពី​ក្លិប Rating: 5 Reviewed By: Unknown
    Scroll to Top