• ព័ត៌មានថ្មី

    Friday, May 22, 2015

    រូង​​ព្រះ​ច័ន្ទ​ ភ្នំ​កំពង់ត្រាច ​ទីឋានដ៏ស្រស់​ស្អាត​

    បើ​គេ​ធ្វើ​ដំណើរ​​​​​ចាក​ចេញ​ពី​ផ្លូវ​ជាតិ​លេខ​​៣ ចុះ​​ទៅ​​​បណ្ដោយ​ផ្លូវ​​ជាតិ ៣៣ មិន​យូរ​ប៉ុន្មាន​នឹង​ដល់​​ប្រជុំជន​ស្រុក កំពង់​ត្រាច ខេត្ត​កំពត។ បត់​ឆ្វេង​តាម​ផ្លូវ​លំ​សម្បូរ​ជង្ហុក​​ធំ​ៗដែល​មាន​​លំនៅឋាន​​ អ្នកភូមិខ្លះប្រកបរបរ​កិន​ថ្ម​​ ២​ទៅ​៣​គីឡូម៉ែត្រ​ទៀត​ នឹង​ទៅ​ដល់​​​ភ្នំ​កំពង់​ត្រាច ដែល​​​​​សម្បូរ​ដោយ​​ច្រាំងថ្ម​ដុះ​​ជ្រោង​ឡើង​​លើ​​ យ៉ាង​មហិមា​​​​ ដែល​​មាន​ទិដ្ឋភាព​អំណោយផល​ដល់​ការ​ថត​ភាពយន្តនានា។
     
    Kong-Pongtrach-sabay5

    ​​ឯកសារ​​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​​និយាយ​ថា​​​ ភ្នំ​កំពង់​ត្រាច ​គឺ​បាន​បង្កប់​មក​ជាមួយ​​នូវ​ជំនឿ​ផ្សេង​ៗ សម្បូរ​ដោយ​រូប​សំណាក់ និង​ល្អាង​ថ្ម។ អ្នក​ទេសចរណ៍​មួយ​ចំនួន ​ប្រហែល​ជា​ធ្លាប់​ទៅ​ឃើញ​ហើយ ​​នូវ​​ល្អាង​មួយ​ ដែល​​​អ្នក​ស្រុក​នៅ​ទី​នោះ​ហៅ​ថា រូង​ព្រះច័ន្ទ។ នៅ​រដូវ​​មាន​ភ្លៀង រូង​ព្រះ​ច័ន្ទ​ពោរពាស​ដោយ​ទឹក​​ថ្លា​ឆ្លុះ ត្រជាក់​ដូច​ទឹក​អម្រឹត​ ដែល​​អាច​ឲ្យ​​គេ​ងូត​កម្សាន្ត​យ៉ាង​មនោរម្យ​ ​ក្នុង​បូរាណ​ឋាន​​ធម្មជាតិ​​។​ ជុំ​វិញ​ល្អាង​​ និង​ផ្នែក​ខាង​លើ​ព័ទ្ធពេន​ដោយ​ចម្រឹង​ថ្ម​ភ្នំ ដែល​មាន​ទេសភាព​​ត្រកាល គួរ​ជា​ទី​គយគន់ និង​ផ្ទិត​រូប​​ភាព​​។ ​ប៉ុន្តែ​នៅ​រដូវ​ប្រាំង​​ទឹក​ក្នុង​​ល្អាង​តែង​ស្រក និង​រីក​ស្ងួត ដែល​ធ្វើ​ឲ្យ​ទេសភាព​​ប្រែប្រួល​បន្តិច​ពី​រដូវ​​មាន​ភ្លៀង។ ​ដូច្នេះ​បើ​អ្នក​ទៅ​លេង​នៅ​ខែ​នេះ ប្រហែល​មិន​ទាន់​មាន​ទឹក​នោះទេ។

    បើ​ទៅកម្សាន្ត ទោះ​ជា​​អ្នក​មិន​​​ស្គាល់​ភូមិ​សាស្ត្រ​​នៅ​ទី​នោះ​​ក៏​មិន​បញ្ហា​​ដែរ​ ព្រោះ​នៅ​ពេល​ដែល​យាន្ត​ជំនិះ​​​របស់​អ្នក​​លូន​លយ​ជិត​ដល់​ភ្នំ ក្មេង​ៗ​អ្នក​ស្រុក​តែង​រត់ ឬ​ជិះ​កង់​​ប្រសាច​តាម​ ហើយ​ពួក​គេ​​ជា​មគ្គុទ្ទេសក៍​អាច​នាំ​អ្នក​​ទៅ​កាន់​កន្លែង​​នានា ​និង​រៀបរាប់​ពី​ទី​តាំងសំខាន់​ៗ​នៅ​ទី​នោះ​ ប្រាប់​​អ្នក​​ជា​មិន​ខាន។ ប៉ុន្តែ​អ្នក​គួរ​ទិញ​របស់​ញ៉ាំ​ទៅ​ជាមួយ​ផង អ្នក​អាច​ញ៉ាំរីករាយ​ជា​លក្ខណៈគ្រួសារ មិត្តភ័ក្តិ នៅកណ្ដាល​ធម្មជាតិ​ត្រកាល ព្រោះ​ថា​ពុំ​មាន​អារហារដ្ឋាន​លក់​ដូរ​ឡើយ​ បើ​អ្នក​ហេវ​ហត់​អស់​កម្លាំង។



    រូង​ព្រះ​ច័ន្ទ នៅ​ស្រុក​កំពង់​ត្រាច ខេត្ត​កំពត (រូបភាព៖ visapour)
    Kong-Pongtrach-sabay2
    • Blogger Comments
    • Facebook Comments
    Item Reviewed: រូង​​ព្រះ​ច័ន្ទ​ ភ្នំ​កំពង់ត្រាច ​ទីឋានដ៏ស្រស់​ស្អាត​ Rating: 5 Reviewed By: Unknown
    Scroll to Top