• ព័ត៌មានថ្មី

    Friday, May 22, 2015

    អាមេរិក​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ដែល​តែលតោល​នៅ​​សមុទ្រ​អាស៊ាន

    សហរដ្ឋអាមេរិក ​បាន​សម្រេច​ចិត្ត​​ទទួល​យក​ជនភៀសខ្លួន Rohingya ដែល​ជាប់​គាំង​នៅ​សមុទ្រ​ក្នុង​តំបន់​អាស៊ាន​អស់​ជា​ច្រើន​ថ្ងៃ​មក​ហើយ។ សកម្មភាព​នេះ គឺ​ជា​ផ្នែក​មួយ​នៃ​កិច្ច​ខិតខំ​ប្រឹង​ប្រែង​ជា​អន្តរជាតិ ដើម្បី​ជួយ​ដោះ​ស្រាយ​បញ្ហា​ជនភៀសខ្លួន​ជាប់​តាម​ទូក​នៅ​តំបន់​អាស៊ាន។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​ក្រសួង​ការបរទេស​នៃ​សហរដ្ឋអាមេរិក​កាល​ពី​ថ្ងៃ ​ពុធ​ម្សិលមិញ។

    1
    ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​សហរដ្ឋអាមេរិក អ្នក​ស្រី Marie Harf

    ​​អ្នក​នាំ​ពាក្យ​ក្រសួង​ការបរទេស​របស់​សហរដ្ឋអាមេរិក អ្នក​ស្រី Marie Harf បាន​និយាយ​ថា សហរដ្ឋអាមេរិក​ត្រៀម​ខ្លួន​ដើរ​តួ​ជា​ប្រទេស​ឈាន​មុខ​គេ​ក្នុង​ការ​ទទួល​យក​ ជន​ភៀស​ខ្លួន​ងាយ​រង​គ្រោះ​បំផុត ដែល​រៀបចំ​ឡើង​ដោយ​ភ្នាក់ងារ​ជនភៀសខ្លួន​របស់​អង្គការ​សហប្រជាជាតិ។

    ​រយៈ​ពេល ៣​សប្ដាហ៍​កន្លង​ទៅ ជន​ភៀសខ្លួន​ជា​ជនជាតិ​មូស្លីម Rohingya ជាង ៣​ពាន់​នាក់ បាន​ភៀស​ខ្លួន​យ៉ាង​វេទនា ពី​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស ដើម្បី​គេច​ចេញ​ពី​ភាព​ក្រីក្រ។ ពួកគេ​បាន​ធ្វើ​ដំណើរ​តាម​ទូក​ដោយ​លើស​ចំណុះ​ហូរហៀរ មក​បណ្ដា​ប្រទេស​នៅ​ក្នុង​តំបន់​អាស៊ាន ប៉ុន្តែ​ត្រូវ​ប្រទេស​ទាំង​នេះ​បដិសេធ​មិន​ទទួល​យក។

    ​​​ក្រុម​អ្នក​ផ្ដល់​ជំនួយ​បាន​បញ្ជាក់​ថា ជន​ភៀស​ខ្លួន​រាប់​ពាន់​នាក់​ទៀត​កំពុង​ជាប់​គាំង​នៅ​សមុទ្រ បន្ទាប់​ពី​ឈ្មួញ​រត់ពន្ធ​មនុស្ស​ខុស​ច្បាប់​ទុក​ពួក​គេ​ចោល ព្រោះ​ការ​ចាត់​វិធានការណ៍​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៃ​បណ្ដា​ប្រទេស​ នានា។ ​​​

    ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និង​ប្រទេស​ថៃ មាន​ការ​ស្ទាក់ស្ទើរ​ក្នុង​ការ​ទទួល​យក​ជន​ភៀស​ខ្លួន Rohingya និង​រុញ​ច្រាន​ទូក​ផ្ទុក​ជនភៀសខ្លួន​ដែល​កំពុង​ស្រេក​ឃ្លាន​ទាំង​នោះ ទៅ​ឆ្ងាយ​ពី​ដែនដី​របស់​ខ្លួន ព្រោះ​ភ័យ​ខ្លាច​ចំពោះ​ការ​កើន​ឡើង​នៃ​លំហូរ​ចូល​ជន​ភៀស​ខ្លួន​ខុស​​​​ ប្រាថ្នា។ ទោះ​យ៉ាង​ណា កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ បណ្ដាល​ប្រទេស​ទាំង​នោះ បាន​បន្ទន់​ឥរិយា​បថ​វិញ​ហើយ។ ​​

    អ្នក​ស្រី Harf បាន​ស្វាគមន៍​ចំពោះ​ការ​សម្រេច​ចិត្ត​របស់​រដ្ឋាភិបាល​នានា ក្នុង​ការ​ប្រកាន់​ខ្ជាប់​នូវ​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ស្រប​តាម​ច្បាប់​ អន្តរជាតិ ព្រម​ទាំង​ផ្ដល់​ជំនួយ​មនុស្ស​ធម៌ និង​ជម្រក​ដល់​ជនភៀសខ្លួន​ដែល​ងាយ​រង​គ្រោះ ចំនួន ៧០០០​នាក់។ អ្នក​នាំ​ពាក្យ​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា ចាប់​តាំង​ពី​ថ្ងៃ​ទី១ ខែ​តុលា​មក សហរដ្ឋ​អាមេរិក​បាន​ជួយ​តាំង​ទីលំនៅ​ឡើង​វិញ​ដល់​ជន​ភៀស​ខ្លួន Rohingya ជាង ១០០០​នាក់​រួច​មក​ហើយ។ ​​

    អនុរដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋអាមេរិក លោក Anthony Blinken នឹង​ធ្វើ​ដំណើរ​ទស្សនកិច្ច​មក​កាន់​ប្រទេស​មីយ៉ាន់ម៉ា​នៅ​ថ្ងៃ​ព្រហស្បតិ៍​ នេះ ដើម្បី​ជំរុញ​ឲ្យ​ប្រទេស​មីយ៉ាន់ម៉ា​មាន​កិច្ច​សហប្រតិបត្តិការ​ជាមួយ​ បង់ក្លាដេស ជួយ​ជន​ភៀសខ្លួន​ដែល​រសាត់អណ្ដែត​គ្មាន​គោល​ដៅ៕


    4
    ជន​ភៀស​ខ្លួន Rohingya នៅ​តែលតោល​លើ​សមុទ្រ

    3


    • Blogger Comments
    • Facebook Comments
    Item Reviewed: អាមេរិក​នឹង​ទទួល​យក​ជន​ភៀសខ្លួន​ដែល​តែលតោល​នៅ​​សមុទ្រ​អាស៊ាន Rating: 5 Reviewed By: Unknown
    Scroll to Top