• ព័ត៌មានថ្មី

    Thursday, May 7, 2015

    ខេមរៈ សិរីមន្ត ប្រកាស​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​មិន​រក​ប្រាក់​កម្រៃ ខណៈ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់​ទុក​ជា​វីរ​យុវជន

    តារា ​ចម្រៀង ខេមរ សិរីមន្ត បាន​ប្រកាស​ជា​សាធារណៈ​ថា ត្រៀម​រៀបចំ​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​មាន​ឈ្មោះ​ថា “តារា​បៃតង” ដើម្បី​ផ្សព្វផ្សាយ​ពី​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ពេល​ឆាប់ៗ​នេះ ក្រោម​ការ​សហការ​ជាមួយ​ក្រុមហ៊ុន Home Media ខណៈ​រូប​​គេ​នឹង​ចូលរួម​ច្រៀង​មិន​យក​កម្រៃ​ឡើយ។



    ការ​ប្រកាស​របស់​តារា​ចម្រៀង​រូប​នេះ ក៏​ធ្លាប់​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ឱកាស​ចូល​ជួប​សម្ដែង​ការ​គួរ​សម​ចំពោះ​ ឯកឧត្ដម ខៀវ កាញារីទ្ធ រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​កាល​ពី​ពេល​ថ្មី​នេះ​ផង​ដែរ ដើម្បី​ស្នើ​សុំ​យោបល់​បន្ថែម។ ដោយ​ឡែក​ព្រឹក​នេះ សេរីមន្ត បញ្ជាក់​ថា៖ “ខ្ញុំ​ច្រៀង​មិន​យក​ប្រាក់​​​ពី​ការ​ប្រគំ​តន្ត្រី​នោះ​ទេ ព្រោះ​ជា​ការ​ចូល​រួម​ជួយ​សង្គម និង ​ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ចរាចរណ៍​ ដែល​កំពុង​មាន​ការ​កើន​ឡើង​នៅ​ក្នុង​សង្គម​ទាំង​មូល”។

    សាមី​ខ្លួន​ដដែល​បន្ត​ថា នេះ​ជា​ទឹក​ចិត្ត​ផ្ទាល់​របស់​លោក ក្នុង​ការ​ចូលរួម​លើក​ទឹកចិត្ត​ប្រជាពលរដ្ឋ​ឲ្យ​មាន​ការ​ប្រុងប្រយ័ត្ន​ ខ្ពស់ នៅ​ពេល​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​ និង​ ពន្យល់​ពួក​គាត់​បន្ថែម​ឲ្យ​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍​ទាំង​អស់​គ្នា​។ តារា​ចម្រៀង​ដែល​កំពុង​មាន​ប្រជាប្រិយ​ភាព​ខ្លាំង​ក្នុង​បទ “កាឡុក កាឡុក” រូប​នេះ​បាន​បញ្ជាក់​ថា ព្រោះ​រូប​លោក​ក៏​ធ្លាប់​ជា​ជន​រង​គ្រោះ​ម្នាក់​ នៅ​ក្នុង​គ្រោះ​ថ្នាក់​ចរាចរណ៍​យ៉ាង​រន្ធត់ កាល​ពី​ដើម​ឆ្នាំ​ ២០១៣ ​កន្លង​ទៅ និង​ បណ្ដាល​ឱ្យ​មាន​អ្នក​ស្លាប់​ ៤​ នាក់។

    ខេមរៈ សិរីមន្ត បន្ត​ថា៖ “ដូច្នេះ​ខ្ញុំ​ពិត​ជា​មាន​ការ​រន្ធត់​ និង ​បាន​ដឹង​ច្បាស់​ពី​ភាព​ឈឺ​ចាប់​នៅ​ពេល​មាន​សាច់​ញាតិ​របស់​ខ្លួន​បាន​ជួប​ រឿង​អាក្រក់​នេះ។ តារា​សំណព្វ​ចិត្ត​យុវវ័យ​ភាគ​ច្រើន​រូប​នេះ​ជឿជាក់​ថា យុទ្ធនាការ​ផ្សព្វផ្សាយ អាច​ទទួល​បាន​ជោគជ័យ​ដរាបណា​មាន​ការ​ចូលរួម​ពី​បណ្ដាញ​ព័ត៌មាន​នានា ហើយ​មិន​មែន​មាន​តែ​ការ​ប្រគំ​តន្ត្រី​ប៉ុណ្ណោះ​ទេ គឺ​រូប​គេ​នឹង​ចុះ​ផ្សព្វផ្សាយ​ដោយ​ផ្ទាល់​តាម​សាលា ឬ​ចែក​មួក​សុវត្ថិភាព​ជា​ច្រើន​ផង​ដែរ។

    កាល​ពី​ថ្ងៃ​ទី ​៥​ ខែ​ឧសភា​កន្លង​ទៅ​នេះ ឯកឧត្តម ខៀវ កាញារីទ្ធ បាន​លើក​ឡើង​ថា ការ​លះបង់​របស់​តារា​ចម្រៀង ខេមរៈ សេរីមន្ត ពិត​ជា​ទង្វើ​ដ៏​គំរូ និង​ ជា​ការ​ចូលរួម​ជួយ​សង្គម​យ៉ាង​មាន​ឥទ្ធិពល ដោយ​ឯកឧត្តម​បាន​លើក​ឡើង​ថា ការ​និយាយ​ស្តី និង​ ផ្ញើ​សារ​របស់​តារា​រូប​នេះ ពិត​ជា​មាន​តម្លៃ​ដល់​មហាជន​។ ឯកឧត្ដម​បាន​លើក​ឡើង​​ថា លោក ខេមរៈ សិរីមន្ត ជាវីរយុវជន ដែល​សិល្បករ​នានា​គួរ​តែ​យក​តម្រាប់​តាម​នូវ​ទង្វើ​ដ៏​ប្រពៃ​នេះ។ ជាមួយ​គ្នា​នោះ ឯកឧត្ដម​ក៏​បាន​ចូលរួម​ឧបត្ថម្ភ​កម្ម​វិធី​ប្រគំ​តន្ត្រី នូវ​ថវិកា​មួយ​ចំនួន​ផង​ដែរ​៕
     
    10985391_923212727729249_8854766774363928518_n

    11210455_923212871062568_3513365708615579630_n
    • Blogger Comments
    • Facebook Comments
    Item Reviewed: ខេមរៈ សិរីមន្ត ប្រកាស​រៀប​ចំ​ការ​ប្រគំ​តន្ត្រី​ខ្នាត​ធំ​មិន​រក​ប្រាក់​កម្រៃ ខណៈ​រដ្ឋ​មន្ត្រី​ក្រសួង​ព័ត៌មាន​ចាត់​ទុក​ជា​វីរ​យុវជន Rating: 5 Reviewed By: Unknown
    Scroll to Top