• ព័ត៌មានថ្មី

    Friday, May 22, 2015

    ថៃ​ឆ្លើយ​តប​អ្នក​រិះគន់​រឿង​មិន​ទទួលយក​ជន​ភៀស​ខ្លួន​តាម​ទូក

    កាល ​ពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិល​មិញ លោក ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្ត្រី​ស្ដីទី​របស់​ប្រទេស​ថៃ បាន​ធ្វើការ​ឆ្លើយតប​ដោយ​ពាក្យ​សម្ដី​ធ្ងន់​ៗ ចំពោះ​ក្រុម​អ្នក​រិះគន់​រឿង​មិន​ទទួល​យក​ជន​ភៀស​ខ្លួន ​មក​ពី​ប្រទេស​មីយ៉ាន់ម៉ា និង​បង់ក្លាដេស ដែល​កំពុង​រសាត់អណ្ដែត​គ្មាន​គោលដៅ​លើ​សមុទ្រ​អាស៊ាន។

    1លោក ប្រាយុទ្ធ ចាន់អូចា

    លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​ថា ចំពោះ​ប្រជាជន​ដែល​គិត​ថា​រដ្ឋាភិបាល​ខ្លួន​ឯង​គួរ​ជួយ​ជនភៀសខ្លួន​តាម​ទូក​ នៅ​លើ​សមុទ្រ​នោះ គួរ​តែ​ទៅ​សមុទ្រ​ដោយ​ខ្លួន​ឯង ហើយ​ប្ដូរ​កន្លែង​រស់នៅ​ជាមួយ​ជន​ភៀស​ខ្លួន​ទាំង​នោះ។

    ការ​ឆ្លើយ​តប​របស់​មេដឹកនាំ​យោធា​រូប​នេះ បាន​ធ្វើឡើង​បន្ទាប់​ពី​រដ្ឋាភិបាល​ក្រុង​បាងកក រង​ការ​រិះ​គន់​​ថា​មិន​ព្រមព្រៀង​ទទួល​យក​ជន​ភៀស​ខ្លួន​ដែល​ជាប់​គាំង​លើ​ សមុទ្រ តាម​ប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​ឥណ្ឌូណេស៊ី។

    លោក ប្រាយុទ្ធ ចាន់អូចា បាន​និយាយ​មុខ​​សមាជិក​សភា អំឡុង​ពេល​ធ្វើ​​សុន្ទរកថា​ពី​កញ្ចប់​ថវិកា​ជាតិ​ថា “អ្នក​គាំទ្រ​គំនិត​នេះ (ទទួល​យក​ជន​ភៀសខ្លួន) សូម​បរិច្ចាគ​ម្នាក់​មួយ​បាត​រាល់​ថ្ងៃ បើ​មិន​អ៊ីចឹង​ទេ​នាំ​ពួក​គេ​ទៅ​នៅ​ផ្ទះ​ជាមួយ​ទៅ បើ​មាន​ការ​ទទួល​យក​មែន​នោះ”។ អតីត​​មេបញ្ជាការ​យោធា​រូប​នេះ បាន​បញ្ជាក់​ទៀត​ថា “បើ​មិន​អ៊ីចឹង អ្នក​ឯង​ភៀសខ្លួន​ទៅ​នៅ​លើ​សមុទ្រ ហើយ​នាំ​ពួកគេ (ជន​ភៀសខ្លួន) មក​នៅ​លើ​គោក​ជំនួស​វិញ​ក៏​បាន”។

    ​​រយៈ​ពេល ១០​ថ្ងៃ​ចុង​ក្រោយ​នេះ ជនភៀសខ្លួន​តាម​ទូក Rohingya របស់​ប្រទេស​មីយ៉ាន់ម៉ា និង Bangladeshis របស់​ប្រទេស​បង់ក្លាដេស​ប្រមាណ​ជិត ៣០០០​នាក់ ត្រូវ​បាន​ជួយ​សង្គ្រោះ ឬ​ហែល​ឡើង​គោក​ក្នុង​ប្រទេស​ម៉ាឡេស៊ី ឥណ្ឌូណេស៊ី និង​ប្រទេស​ថៃ។ រាប់​ពាន់​នាក់​ផ្សេង​ទៀត កំពុង​ជាប់​គាំង​តាម​ទូក​លើ​សមុទ្រ​ដ៏​ល្វឹងល្វើយ ជាមួយ​អាហារ និង​ដ៏​តិច​តួច ដែល​ជា​វិបត្តិ​ដ៏​ធំ​មួយ​សម្រាប់​ប្រទេស​នៅ​តំបន់​អាស៊ាន។ ​

    ប្រទេស​មួយ​ចំនួន​នៅ​តំបន់​អាស៊ាន បាន​រង​ការ​រិះ​គន់​យ៉ាង​ខ្លាំង បន្ទាប់​ពី​ម្នាក់​ៗ​ប្រឹង​​រុញ​ច្រាន​ទូក​ផ្ទុក​ជន​ភៀស​ខ្លួន​ទាំង​នោះ​ទៅ​ កណ្ដាល​សមុទ្រ​វិញ មិន​ឲ្យ​ចូល​ដែន​ដី​របស់​ខ្លួន។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​ការ​ជួប​​ប្រជុំ​គ្នា​នៅ​រាជធានី​កូឡាឡាំពួរ កាល​ពី​ថ្ងៃ​ពុធ ប្រទេស​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី បាន​ព្រមព្រៀង​ថា​នឹង​ទទួល​យក​ជន​ភៀស​ខ្លួន​បណ្ដោះ​អាសន្ន​រយៈពេល​មួយ​ឆ្នាំ រហូត​ដល់​ពួកគេ​អាច​តាំង​ទី​លំនៅ​ថ្មី ឬ​មាន​ការ​ជួយ​សង្គ្រោះ​ពី​ភ្នាក់ងារ​ពិភពលោក។

    ចំណែក​ប្រទេស​ថៃ​វិញ នៅ​តែ​រក្សា​គោល​ជំហរ​មិន​ទទួល​ជន​ភៀស​ខ្លួន​ទាំង​នោះ ប៉ុន្តែ​បាន​និយាយ​ការពារ​គោលការណ៍​លើ​ជនភៀសខ្លួន​របស់​ខ្លួន។ លោក ប្រាយុទ្ធ បាន​បញ្ជាក់​ថា​ប្រទេស​ថៃ បាន​ក្លាយ​ជា​ជម្រក​ជន​ភៀស​ខ្លួន ៩០​ម៉ឺន​នាក់​ទៅ​ហើយ ក្នុង​រយៈពេល ១​ទសវត្សរ៍​ចុង​ក្រោយ៕

    4ជនភៀសខ្លួន​តាម​ទូក Rohingya និង Bangladeshis

    2

    • Blogger Comments
    • Facebook Comments
    Item Reviewed: ថៃ​ឆ្លើយ​តប​អ្នក​រិះគន់​រឿង​មិន​ទទួលយក​ជន​ភៀស​ខ្លួន​តាម​ទូក Rating: 5 Reviewed By: Unknown
    Scroll to Top