ក្រុម FC Barcelona បានយកឈ្នះលើក្រុមអ៊ីតាលី Roma ៣-០ ក្នុងការប្រកួតមិត្តភាព នៅកីឡដ្ឋាន Nou Camp កាលពីយប់មិញ ខណៈដែលខ្សែប្រយុទ្ធ Lionel Messi ជៀសផុតការពិន័យកាតក្រហម ក្រោយផ្ទុះកំហឹងប្រើក្បាលទៅជល់ និងច្របាច់កខ្សែការពារ Mapou Yanga-Mbiwa។
៣គ្រាប់របស់ម្ចាស់ផ្ទះ Barca គឺរកបានដោយកីឡាករប្រេស៊ីល Neymar នាទី២៦, Messi នាទី៤១ និង Ivan Rakitic នាទី៦៦។
ចំណែករឿងដែល Messi យកក្បាលទៅជល់ និងច្របាច់កខ្សែការពារ Yanga-Mbiwa នោះ គឺត្រូវបានគេដឹងថា ដោយសារមានការប៉ះទង្គិចពាក្យសំដីគ្នាខ្លាំង ពេលដែលកីឡាករអាហ្សង់ទីន កំពុងគ្រប់គ្រងបាល់នៅមុខទីក្រុម Roma ហើយកីឡាករទាំង២រូបនេះ ត្រូវបានអាជ្ញាកណ្ដាលពិន័យកាតលឿងម្នាក់១ដូចគ្នា។
នេះជាការបង្ហាញខ្លួនលើកដំបូងសម្រាប់ Messi និង Neymar ដែលទើបតែត្រឡប់ពីការសម្រាកវិស្សមកាល ហើយពួកគេបានជួយឲ្យ Barca ទទួលបានជ័យជម្នះលើកដំបូងវិញ បន្ទាប់ចាញ់៣ប្រកួតមុនជាប់ៗគ្នា៕