ខ្សែ បម្រើ Angel Di Maria បានផ្ទេរពីក្លិប Manchester United ទៅកាន់ក្លិបជើងឯកបារាំង Paris Saint-Germain នូវតម្លៃ៤៤,៣លានផោន (ជិត៦៩លានដុល្លារ) ផ្លូវការហើយ កាលពីយប់មិញ ខណៈដែលកីឡាករជម្រើសជាតិអាហ្សង់ទីនរូបនេះ បានបង្ហើបឲ្យដឹងថា ក្លិបបិសាចក្រហមជាអ្នកចង់លក់ខ្លួនចេញ។
Di Maria បានក្លាយជាកីឡាករដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុត នៅក្នុងប្រវត្តិសាស្ត្របាល់ទាត់អង់គ្លេស បន្ទាប់ពីចាកចេញពី Real Madrid ទៅ Man Utd រដូវកាលមុន នូវតម្លៃជិត៦០លានផោន ប៉ុន្តែដោយសារបញ្ហារបួសរ៉ាំរ៉ៃ កីឡាកររូបនេះបានធ្លាក់ទម្រង់លេង និងពុំសូវបានជាប់ជម្រើសដំបូងរបស់លោក Louis van Gaal ឡើយ ហើយក្លិបអង់គ្លេស ក៏សម្រេចលក់ចេញទៅឲ្យ PSG នូវតម្លៃខាតដើមដូចនេះតែម្ដង។
អតីតតារាឆ្នើមក្រុម Real Madrid រូបនេះ បានប្រាប់ដល់សន្និសីទសារព័ត៌មានថា៖ “ជាដំបូង អ្នកត្រូវដឹងថា គឺក្លិប Manchester United ជាអ្នកចង់លក់ខ្ញុំចេញ។ ដូច្នេះ នេះជាការសម្រេចចិត្តព្រមគ្នារវាងភាគីទាំង៣។ ពួកគេចង់លក់ខ្ញុំចេញ, ខ្ញុំក៏ចង់ចាកចេញ ហើយ PSG ក៏ចង់បានខ្ញុំ។ ប៉ុន្តែខ្ញុំរីករាយណាស់ ដែលបានមកទីនេះ។ Manchester គឺជាអតីតកាល”។
កីឡាករវ័យ២៧ឆ្នាំ ក៏បានបន្ថែមផងដែរថា ខ្លួនពិតជារីករាយដែលបានលេងជាមួយកីឡាករឆ្នើមៗរបស់ក្រុម PSG ដូចជា Zlatan Ibrahimovic, Javier Pastore, Marco Verratti និង David Luiz ជាដើម ដោយសង្ឃឹមថា នឹងអាចជួយឲ្យក្រុមលើកពាន UEFA Champions League នារដូវកាលថ្មីនេះ៕