ខ្សែ ប្រយុទ្ធ Pedro ដែលក្រុម Manchester United ចង់បានជាយូរមកហើយនោះ បែរជាទៅពិនិត្យសុខភាពរួចរាល់ហើយ ក្នុងការផ្លាស់ទៅលេងនៅ Chelsea ដែលរឿងនេះធ្វើឱ្យគេគ្រប់គ្នាភ្ញាក់ផ្អើលជាខ្លាំង។ ដោយសារតែបាត់បង់ឱកាសទិញកីឡាកររូបនេះហើយ ក្រុមបិសាចក្រហមក៏រៀបជើងព្រួលរួចជាស្រេចក្នុងការដេញប្រមាញ់ កីឡាករផ្សេងទៀតដូចខាងក្រោមនេះ៖
១. ខ្សែបម្រើស្លាប Sadio Mane
Sadio Mane ជាកីឡាកររបស់ក្រុម Southampton ដែលកំពុងមានទម្រង់លេងល្អ។ កីឡាករវ័យ២៣ឆ្នាំនេះ ត្រូវបានក្រុម Man Utd ដាក់តម្លៃខ្លួនទិញយកម្ដងមកហើយ ប៉ុន្តែត្រូវបានក្រុម Southampton បដិសេធវិញ។
២. ខ្សែប្រយុទ្ធ Harry Kane
Kane ជាខ្សែប្រយុទ្ធដែលបិសាចក្រហមតាមទិញតាំងពីបើករដូវកាលដោះដូរ កីឡាករ ដោយឱ្យតម្លៃខ្លួន៤០លានផោន ប៉ុន្តែអ្វីដែលពិបាកបំផុតនោះគឺ Spurs គ្មានបំណងចង់លក់កីឡាករវ័យ២១ឆ្នាំរូបនេះទេ។
៣. ខ្សែប្រយុទ្ធ Karim Benzema
Benzema ត្បិតតែមានទំនាក់ទំនងខ្លាំងជាមួយក្រុម Arsenal ប៉ុន្តែអ្វីគ្រប់យ៉ាងនៅមិនទាន់ច្បាស់ការនោះទេ។ នេះមានន័យថាបិសាចក្រហមគឺនៅតែមានឱកាសដដែល ព្រោះ Man Utd និង Real Madrid មានទំនាក់ទំនងល្អតាំងពីដើមមកក្នុងការដោះដូរកីឡាករ។
៤. ខ្សែប្រយុទ្ធ Zlatan Ibrahimovic
Zlatan របស់ក្រុម PSG បាននិយាយហើយថារូបគេអាចនឹងផ្លាស់ចេញពីក្លិបនៅបារាំងទៅលេងនៅ អង់គ្លេស គ្រាន់តែមិនទាន់ដឹងច្បាស់ថាក្លិបណាមួយប៉ុណ្ណោះ។
៥. Thomas Muller
Muller ធ្លាប់ជាកូនសិស្សរបស់លោក Van Gaal ហើយអ្នកចាត់ការរូបនេះក៏ចង់បានខ្សែប្រយុទ្ធរូបនេះដែរ ប៉ុន្តែអ្វីដែលសំខាន់នោះគឺ Bayern Munich ហាក់មិនចង់លក់កីឡាកររូបនេះទេ។ កាលពីម្សិលមិញ មានដំណឹងមកថាបិសាចក្រហមហ៊ានឱ្យតម្លៃខ្លួនដល់ទៅ៦០លានផោនឯ ណោះ។
យ៉ាងណាដែរ ប្រិយមិត្តយល់ថាកីឡាករទាំង៥ខាងលើ Manchester United គូរតែទិញម្នាក់ណា?