Sergio Romero អ្នកចាំទីថ្មីរបស់ក្រុម Manchester United កំពុងតែក្ដៅស្លឹកត្រចៀកខ្លាំងហើយបានបង្ខំឱ្យទូរទស្សន៍នៅ អាហ្សង់ទីនចេញមកកែតម្រូវព័ត៌មានដែលពួកគេបានចុះផ្សាយថាប្រពន្ធ របស់ខ្លួនធ្លាប់បានទៅគេងជាមួយកីឡាករ Sergio Aguero។
ទូរទស្សន៍មួយនៅប្រទេសអាហ្សង់ទីនបានបើកកកាយរឿងកាលពីឆ្នាំ២០០៦ ថា ប្រពន្ធរបស់កីឡាករ Romero អ្នកស្រី Eliana Guercio ធ្លាប់បានគេងជាមួយកីឡាករ Sergio Aguero ជាច្រើនដង មុនពេលសម្រេចចិត្តរៀបការជាមួយអ្នកចាំទីរបស់បិសាចក្រហមនេះនៅ ឆ្នាំ២០០៨។
រឿងនេះហើយបានធ្វើឱ្យ Romero ខឹងជាខ្លាំង ហើយឱ្យទូរទស្សន៍ដែលចុះផ្សាយនោះចេញ មកសុំទោស និងកែព័ត៌មានរបស់ខ្លួនវិញភ្លាម។ “ខ្ញុំមានគ្រួសារដ៏កក់ក្ដៅមួយ។ វាមិនមែនជារឿងល្អទេ ពេលមានអ្នកមកនិយាយដូច្នេះ។ ខ្ញុំជាមិត្តរបស់ Aguero ជាង១០ឆ្នាំមកហើយ។ អ្នកអាចស្រមៃមើល ថាហេតុអ្វីបានជាគាត់អាចធ្វើអីចឹងដាក់ខ្ញុំបាន? ច្បាស់ណាស់ វាមិនពិតនោះទេ”។ អ្នកចាំទីជម្រើសជាតិអាហ្សង់ទីនបាននិយាយ។
ចំណែកឯខាងស្រីវិញ បាននិយាយដែរថា៖ “ខ្ញុំមិនដែលបានធ្វើអ្វីជាមួយ Sergio Aguero ទេ។ វាជារឿងប្លែកខ្លាំងណាស់ ដែលគេយកខ្ញុំទៅទាក់ទងជាមួយ Kun (Aguero)។ នេះជារឿង១០ឆ្នាំមុន ហើយកាលពី១០ឆ្នាំមុននោះ ខ្ញុំមិនស្គាល់គាត់ផង ” ។
Sergio Romero និង Eliana Guercio បានរៀបការជាមួយគ្នានៅឆ្នាំ២០០៨ ហើយបច្ចុប្បន្នពួកគេមានកូនស្រី២នាក់ហើយ។ ចំណែកឯខ្សែប្រយុទ្ធរបស់ក្រុម Manchester City វិញ បានរៀបការជាមួយកូនស្រីរបស់លោក Diego Maradona ប៉ុន្តែពួកគេបានលែងលះគ្នានៅឆ្នាំមុន ដោយបន្សល់ទុកកូនប្រុសម្នាក់ជាចំណងស្នេហ៍៕