“ខ្ញុំ មកទីនេះ គឺដើម្បីឈ្នះពាន”។ នេះគឺជាសម្ដីរបស់ខ្សែបម្រើប្រយុទ្ធ Pedro កីឡាករចំណូលថ្មីរបស់ក្លិប Chelsea បន្ទាប់ពីផ្ទេរពី Barcelona តម្លៃ២១លានផោន (ជិត៣៣លានដុល្លារ) និងចុះកុងត្រានៅកីឡដ្ឋាន Stamford Bridge រយៈពេល៤ឆ្នាំ កាលពីយប់មិញ។
កីឡាករជម្រើសជាតិអេស្ប៉ាញ Pedro ធ្លាប់ឈ្នះពានរង្វាន់ចំនួន២០មកហើយ ជាមួយក្រុម Barca ពោលគឺឈ្នះ La Liga ៥ដង, UEFA Champions League ៣ដង, Spanish Cups ៣ដង, UEFA Super Cups ៣ដង, Spanish Super Cups ៤ដង និង FIFA Club World Cups ២ដងទៀត។
យ៉ាងណាក្ដី ពានរង្វាន់ដ៏សន្ធឹកសន្ធាប់នេះ មិនទាន់ស្កប់ស្កល់នៅឡើយទេ សម្រាប់កីឡាករវ័យ២៨ឆ្នាំរូបនេះ ពោលគឺរូបគេចង់លើកពានជាមួយក្រុម Chelsea បន្ថែមទៀត ដោយនិយាយកាលពីម្សិលមិញថា៖ “ខ្ញុំរីករាយណាស់ ដែលបានមកកាន់ទីនេះ។ ខ្ញុំពិតជារំភើប ដែលចាប់ផ្ដើមដំណើរផ្សងព្រេងរបស់ខ្ញុំជាមួយ Chelsea ហើយខ្ញុំមកទីនេះ គឺមកដើម្បីលើកពាន”។
Pedro ដែលធ្លាប់ត្រូវបានក្លិប Manchester United ចាប់អារម្មណ៍ជាច្រើនខែរូបនេះ បានក្លាយជាកីឡាករចំណូលថ្មីទី៤ របស់ក្រុមលោក Jose Mourinho បន្ទាប់ពីអ្នកចាំទី Asmir Begovic, ខ្សែប្រយុទ្ធ Radamel Falcao និងខ្សែការពារ Abdul Baba Rahman៕